អដ្ឋកថា គាថាព្រះរមណិយកុដិកត្ថេរ
គាថារបស់ព្រះរមណីយកុដិកត្ថេរ មានពាក្យផ្តើមថា រមណីយា មេ កុដិកា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា ព្រះថេរៈនេះធ្វើការសាបព្រោះនូវពូជ គឺកុសលទុកក្នុងសាសនា នៃព្រះមានព្រះភាគ ព្រះនាមថា បទុមុត្តរៈ អន្ទោលទៅក្នុងទេវតានិង មនុស្សទាំងឡាយ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមថា អត្ថទស្សី ក្នុងទីបំផុតអំពីកប្បនេះ ១៨០០ កប្ប កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជា អ្នកដឹងក្តីហើយ បានថ្វាយពុទ្ធាសនៈដល់ព្រះមានព្រះភាគ បូជាព្រះមាន ព្រះភាគដោយផ្កាទាំងឡាយ ថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន ធ្វើប្រទក្សិណ ហើយចៀសចេញទៅ អត្ថដ៏សេស ដូចគ្នាតាមដែលពោលហើយក្នុងរឿង របស់ព្រះអញ្ជនវនិយត្ថេរនោះឯង ។ ឯសេចក្តីដែលប្លែកគ្នា មានដូចតទៅ នេះថា បានឮថា ព្រះថេរៈនេះ បួសដោយន័យដូចពោលហើយ ធ្វើបុព្វកិច្ចហើយ នៅក្នុងខ្ទមត្រង់អាវាសមិនឆ្ងាយអំពីស្រុកមួយកន្លែងក្នុងដែនវជ្ជី ។ កុដិនោះ ជាកុដិដែលស្អាត គួរមើល គួរជ្រះថ្លា មានជញ្ជាំងនិងបាត តាក់តែងរៀប រយ សម្បូរដោយទស្សនីយភាព មានចំណែកគួរជាទីត្រេកអរនិងស្រះបោក្ខរណីដែលគួរត្រេកអរជាដើម មានភូមិភាគពេញទៅដោយខ្សាច់នៃកែវមុក្តាជា ស្ថានទីគួរត្រេកអរក្រៃលែង ដោយមានបរិវេណ ដែលកេរោស្មើល្អហើយជាដើម ព្រោះព្រះថេរៈជាអ្នកសម្បូរដោយវត្ត ។ ព្រះថេរៈនៅក្នុងកុដិនោះ ផ្តើម តាំងវិបស្សនាហើយសម្រេចអរហត្តក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធ ដែលលោកពោលទុកក្នុងអបទានថា ខ្ញុំចូលទៅកាន់ព្រៃធំដ៏ស្ងាត់មិនមានសំឡេង មិនវឹកវរ ខ្ញុំថ្វាយ សីហាសនៈ ដល់ព្រះសម្ពុទ្ធព្រះនាមអត្ថទស្សី ទ្រង់មិនញាប់ញ័រ ដោយលោកធម៌ ។