អដ្ឋកថា សីវលិត្ថេរគាថា

ក្បាលទី 41 · ទំព័រ 384

គាថារបស់ព្រះសីវលិត្ថេរ មានពាក្យផ្តើមថា តេ មេ ឥជ្ឈឹសុ សង្កប្បា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថា បទុមុត្តរៈ កុលបុត្ត នោះក៏ទៅកាន់ព្រះវិហារដោយន័យដូចពោលហើយខាងដើម ឈរស្តាប់ធម៌ ខាងចុងបរិស័ទ ឃើញព្រះសាស្តាតែងតាំងភិក្ខុមួយរូបទុកក្នុងតំណែងឯតទគ្គៈ ជាងភិក្ខុខាងមានលាភទាំងឡាយគិតថា ក្នុងអនាគតកាលអាត្មាអញ ក៏គួរជា បុគ្គលបែបនេះ ដូច្នេះហើយ និមន្តព្រះទសពល ហើយថ្វាយមហាទានដល់ ព្រះបរមសាស្តា មួយអន្លើដោយភិក្ខុសង្ឃអស់ ៧ ថ្ងៃ ហើយតាំងសេចក្តី ប្រាថ្នាថា បពិត្រព្រះមានព្រះភាគ ដោយបុញ្ញាធិការនេះ ខ្ញុំព្រះអង្គមិនប្រាថ្នា សម្បត្តិដទៃ តែក្នុងអនាគតកាល ខ្ញុំព្រះអង្គគប្បីជា កំពូលជាងភិក្ខុទាំងឡាយ ដែលមានលាភ ដូចភិក្ខុដែលទ្រង់តែងតាំងទុកក្នុងឯតទគ្គៈចុះ ។ ព្រះសាស្តាទ្រង់ឃើញសេចក្តីប្រាថ្នាមិនមានអន្តរាយ ទើបទ្រង់ព្យាករថា សេចក្តីប្រាថ្នារបស់អ្នក នឹងសម្រេចក្នុងសម្នាក់របស់ព្រះពុទ្ធព្រះនាមថា គោតម ដូច្នេះហើយ ទ្រង់ចៀសចេញទៅ ។ កុលបុត្តនោះ ធ្វើកុសលដរាប ដល់អស់ជីវិត អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងសាសនា របស់ព្រះពុទ្ធព្រះនាមវិបស្សី បដិសន្ធិក្នុងស្រុកមួយ មិនឆ្ងាយអំពីនគរពន្ធុមតិ ។ ក្នុងសម័យនោះ អ្នកក្រុងពន្ធុមតី ប្រណាំងប្រជែងជាមួយព្រះរាជា ថ្វាយទានដល់ព្រះទសពល ។ ថ្ងៃមួយ អ្នកនគរទាំងនោះ រួមចិត្តគ្នាថ្វាយ ទាន និយាយគ្នាថា អ្វីហ្ន៎មិនមានក្នុងទានពិធីរបស់ពួកយើង ហើយមិនឃើញ ស្ករអំពៅនិងទឹកដោះជូរ ទើបមនុស្សទាំងនោះពោលថា ពួកយើងនឹងរកមក អំពីទីណាមួយ ហើយដាក់បុរសត្រង់ផ្លូវដែលមកអំពីជនបទ ។