អដ្ឋកថា គាថាព្រះវប្បត្ថេរ
គាថារបស់ព្រះវប្បត្ថេរ មានពាក្យផ្តើមថា បស្សតិ បស្សោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កុលបុត្ត នេះ កើតក្នុងផ្ទះមានត្រកូលក្នុងនគរហង្សវតី ដល់នូវភាពជាអ្នកដឹងក្តីហើយ ស្តាប់ពាក្យសរសើរថា ព្រះថេរៈរូបនោះនិងរូបនោះ បានជាអ្នកទទួលនូវធម៌ របស់ព្រះសាស្តាជាបឋម ដូច្នេះ ទើបចូលទៅគាល់ព្រះមានព្រះភាគ ហើយ តាំងសេចក្តីប្រាថ្នាថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងអនាគតកាល សូមឲ្យខ្ញុំ ព្រះអង្គជាភិក្ខុណាមួយ បណ្តាភិក្ខុដែលទទួលធម៌របស់ព្រះសម្មាសម្ពុទ្ធជាបឋម ដូច្នេះហើយ ប្រកាសខ្លួនដល់នូវសរណគមន៍ក្នុងសម្នាក់របស់ព្រះសាស្តា ។ កុលបុត្តនោះធ្វើបុណ្យរហូតអស់ជីវិត ចុតិអំពីអត្តភាពនោះហើយ អន្ទោល ទៅមកក្នុងទេវតានិងមនុស្សទាំងឡាយនោះឯង ។ ក្នុងពុទ្ធុប្បាទនេះ កើតជា កូនព្រាហ្មណ៍វាសេដ្ឋក្នុងក្រុងកបិលពស្តុមានឈ្មោះថាវប្បៈ ។ វប្បព្រាហ្មណ៍ កាលអសិតឥសីព្យាករថា សិទ្ធត្ថកុមារនឹងបានជាសព្វញ្ញូ មួយអន្លើដោយ បុត្តព្រាហ្មណ៍ មានកោណ្ឌញ្ញជាប្រធាន លះបង់ឃរាវាសវិស័យ ចេញបួស ជាតាបស គិតថា កាលសិទ្ធត្ថកុមារនោះសម្រេចសព្វញ្ញុតញ្ញាណហើយអញ នឹងស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះអង្គ ហើយនឹងសម្រេចអមតធម៌ ទើបចូលទៅ ឧបដ្ឋាកព្រះមហាសត្វ គង់នៅក្នុងឧរុវេលានិគម បំពេញព្យាយាមអស់ ៦ ឆ្នាំ កើតនូវការនឿយណាយដោយព្រះមហាសត្វសោយអាហារមកវិញ ទើបគេចចេញទៅកាន់ព្រៃឥសិបតនៈ ។