អដ្ឋកថា គាថាព្រះឆន្នត្ថេរ
គាថារបស់ព្រះឆន្នត្ថេរ មានពាក្យផ្តើមថា សុត្វាន ធម្មំ មហតោ មហារសំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏បានធ្វើបុញ្ញាធិការទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភពនោះៗ ក្នុងសាសនា ព្រះមានព្រះភាគព្រះនាមថាសិទ្ធត្ថ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជា អ្នកដឹងក្តីហើយ ថ្ងៃមួយ ឃើញព្រះមានព្រះភាគព្រះនាមថាសិទ្ធត្ថ ចូលទៅកាន់ គល់ឈើមួយដើម មានចិត្តជ្រះថ្លាបានក្រាលអាសនៈដោយស្លឹកឈើមាន សម្ផស្សទន់ថ្វាយព្រះមានព្រះភាគ ហើយរោយផ្កាជុំវិញ ធ្វើនូវការបូជា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក ធ្វើបុណ្យជាច្រើនដទៃ ទៀត បានអន្ទោលទៅក្នុងសុគតិភពនោះឯង ។ ក្នុងសាសនាព្រះមានព្រះភាគ នៃយើងទាំងឡាយ កើតក្នុងផ្ទៃទាសីក្នុងរាជវាំងរបស់ព្រះបាទសុទ្ធោទន មហារាជ មានឈ្មោះថា ឆន្ន ជាសហជាតនឹងព្រះពោធិសត្វ ។ នាយឆន្នមានសទ្ធា ក្នុងសមាគមនៃព្រះញាតិរបស់ព្រះបរមសាស្តា បួស ហើយដោយសេចក្តីស្រឡាញ់ក្នុងព្រះមានព្រះភាគ កើតនូវការប្រកាន់ខ្លួនថា ព្រះពុទ្ធរបស់អញ ព្រះធម៌របស់អញ មិនអាចកាត់សេចក្តីស្នេហាបាន មិន បំពេញសមណធម៌ កាលព្រះសាស្តាបរិនិព្វានហើយ ត្រូវគំរាមដោយព្រហ្មទណ្ឌ ដែលព្រះសាស្តាទ្រង់ធ្វើដោយវិធីផ្តាំផ្ញើ កុលបុត្តនេះដល់នូវសេចក្តី សង្វេគ កាត់សេចក្តីស្នេហាបាន ពិចារណាឃើញច្បាស់ សម្រេចអរហត្តក ្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកពោលទុក ក្នុងអបទាន ថា ខ្ញុំបានថ្វាយកម្រាលស្លឹកឈើ ចំពោះព្រះមានព្រះភាគព្រះនាម សិទ្ធត្ថៈ ទាំងបានរោយរាយផ្កាច្បាជាឧបការៈ ( ដល់កម្រាល ស្លឹកឈើ ) ដោយជុំវិញទៀត ។