អដ្ឋកថា បុណ្ណត្ថេរគាថា
គាថារបស់ព្រះបុណ្ណត្ថេរ មានពាក្យផ្តើមថា សីលមេវ ដូច្នេះ ជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈនេះក៏មានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុង លោកដែលទទេចាកព្រះពុទ្ធក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ កើតក្នុងត្រកូល ព្រាហ្មណ៍ចម្រើនវ័យហើយ សិក្សាសម្រេចនៅក្នុងសិល្បសាស្ត្ររបស់ ព្រាហ្មណ៍ ឃើញទោសក្នុងកាមទាំងឡាយ លះឃរាវាសវិស័យ បួសជាតា បស សាងបណ្ណកុដិនៅអាស្រ័យត្រង់ហិមវន្តប្បទេស ។ ត្រង់ញកភ្នំមួយកន្លែង មិនឆ្ងាយអំពីទីដែលតាបសនោះនៅ ព្រះបច្ចេក ពុទ្ធមានអាពាធ បរិនិព្វានហើយ ។ ក្នុងសម័យដែលព្រះបច្ចេកពុទ្ធអង្គនោះ បរិនិព្វាន មានពន្លឺសន្ធោសន្ធៅឡើង តាបសឃើញពន្លឺនោះហើយ សម្លឹង មើលក្នុងទីផ្សេងៗ ពិចារណាថា ពន្លឺនេះកើតឡើងបានដូចម្តេចហ្ន៎ ឃើញព្រះ បច្ចេកពុទ្ធបរិនិព្វានត្រង់ជើងភ្នំ ទើបយកឧសដែលមានក្លិនក្រអូបមកធ្វើឈាបនកិច្ច ហើយប្រោះព្រំដោយទឹកក្រអូប ។ ត្រង់ញកភ្នំនោះ មានទេវបុត្តមួយ អង្គឈរក្នុងអាកាស ពោលយ៉ាងនេះថា សាធុ សាធុ សប្បុរស កម្មដែល ញ៉ាំងសត្វទៅកាន់សុគតិលោកបានជួបនូវបុណ្យធំបំពេញហើយ ដោយបុណ្យ នេះ លោកកើតក្នុងសុគតិភពបុណ្ណោះលោកនឹងមានឈ្មោះថាបុណ្ណៈដូច្នេះ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះកើតក្នុងត្រកូលគហបតីត្រង់កំពង់ឈ្មោះសុប្បារកៈក្នុង សុណាបរន្តជនបទមានឈ្មោះថាបុណ្ណៈ ។ បុណ្ណមាណព ចម្រើនវ័យហើយ ទៅកាន់នគរសាវត្ថីមួយអន្លើដោយរទេះជាច្រើនដោយធុរកិច្ចក្នុងការជួញដូរ ។