អដ្ឋកថា គាថាព្រះវច្ឆបាលត្ថេរ
គាថារបស់ព្រះវច្ឆបាលត្ថេរ មានពាក្យផ្តើមថា សុសុខុមនិបុណត្ថទស្សិនា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះក៏មានអធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទុកក្នុងភពនោះៗ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយក្នុង កប្បទី ៩១ រាប់អំពីភទ្ទកប្បនេះ កើតក្នុងត្រកូលព្រាហ្មណ៍សម្រេចក្នុងសិប្បស្រាស្តរបស់ព្រាហ្មណ៍ បម្រើភ្លើង ថ្ងៃមួយ យកថាសសំរឹទ្ធិ ដាក់បាយាស ពេញ ស្វែងរកទក្ខិណេយ្យបុគ្គល ឃើញព្រះមានព្រះភាគ ព្រះនាមថាវិបស្សី ចង្រ្កមក្នុងអាកាស កើតសេចក្តីអស្ចារ្យ ធ្វើនូវអភិវាទចំពោះព្រះមានព្រះភាគ សម្តែងអាការចង់ថ្វាយ ព្រះមានព្រះភាគទ្រង់អាស្រ័យសេចក្តីអនុគ្រោះ ទើប ទទួលបាយាសហើយ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ។ ក្នុងពុទ្ធុប្បាទនេះ កើតជាកូនរបស់ព្រាហ្មណ៍សម្បូរដោយសម្បត្តិក ្នុងនគររាជគ្រឹះមានឈ្មោះថាវច្ឆបាល ។ កាលព្រះឧរុវេលកស្សបៈសម្តែង ឥទ្ធិប្បាដិហារ្យក្នុងសមាគមនៃព្រះបាទពិម្ពិសារ ហើយសម្តែងការឱនលំទោន ដល់ព្រះបរមសាស្តា វច្ឆបាលព្រាហ្មណ៍ឃើញដូច្នោះ កើតនូវសទ្ធាជ្រះថ្លា ទើបចេញបួស ។ លុះបួសបាន ៧ ថ្ងៃបុណ្ណោះ ក៏ចម្រើនវិបស្សនាបាន អភិញ្ញា ៦ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ព្រះសម្ពុទ្ធមានវណ្ណៈដូចមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ មានភិក្ខុសង្ឃចោមរោម ទ្រង់ចេញអំពីព្រៃធំ ខ្ញុំដួស បាយាសដាក់ក្នុងភាជន៍សំរឹទ្ធិដោយដៃរបស់ខ្លួន ខ្ញុំប្រាថ្នានឹងបូជានូវគ្រឿងបូជា ក៏ដើរសំដៅទៅកាន់ទីបូជា ។