អដ្ឋកថា អាតុមត្ថេរគាថា
គាថារបស់ព្រះអាតុមត្ថេរ មានពាក្យផ្តើមថា យថា កឡីរោ សុសុ វឌ្ឍិតគ្គោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏មានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ កើតក្នុងផ្ទះមានត្រកូលដល់នូវភាពជាអ្នកដឹងក្តីហើយ ឃើញព្រះមានព្រះភាគព្រះនាមថាវិបស្សី និមន្តទៅក្នុងរវាងផ្លូវ មានចិត្តជ្រះថ្លា បានធ្វើការបូជាដោយទឹកក្រអូបនិងដោយលម្ហិតក្រអូប ។ ដោយបុញ្ញកម្ម នោះ កុលបុត្តនោះកើតក្នុងទេវលោក អន្ទោលទៅមក ក្នុងទេវលោក បុណ្ណោះ បួសក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថាកស្សបៈ ហើយ បំពេញនូវសមណធម៌ តែមិនអាចធ្វើគុណវិសេសឲ្យកើតឡើងបាន ព្រោះ ញាណនៅមិនទាន់ចាស់ក្លា ។ ក្នុងពុទ្ធុប្បាទនេះ កើតជាសេដ្ឋីបុត្តក្នុងនគរសាវត្ថីមានឈ្មោះថាអាតុម ។ កាលចម្រើនវ័យហើយមាតាប្រឹក្សាជាមួយពួកញាតិថា ពួកយើងនឹងនាំភរិយា មកឲ្យកូនរបស់យើង កុលបុត្តនោះពិចារណាមើលហេតុនោះហើយ ត្រូវហេតុ សម្បត្តិដាស់តឿន ទើបគិតថា ប្រយោជន៍អ្វីដោយការនៅគ្រប់គ្រងផ្ទះដល់ អញ អញនឹងបួសក្នុងកាលឥឡូវនេះឯង ដូច្នេះហើយ ទៅកាន់សម្នាក់ភិក្ខុ ទាំងឡាយបួសហើយ ។ មាតាមានបំណងនឹងញ៉ាំងលោកដែលបួសហើយ ឲ្យសឹក ទើបលួងលោមដោយន័យផ្សេង ៗ លោកមិនព្រមឲ្យឱកាសដល់ មាតា កាលប្រកាសអធ្យាស្រ័យរបស់ខ្លួនទើបពោលគាថានេះថា ទំពាំងឫស្សីនូវខ្ចីមានចុងលូតលាស់ បែកដៃចេញហើយបុគ្គល បោចរោចចេញបានដោយក្រ យ៉ាងណាមិញ អាត្មាកាលបើ មាតានាំភរិយាមកឲ្យ ក៏យ៉ាងនោះដែរ សូមញោមយល់តាម អាត្មាចុះ ព្រោះឥឡូវនេះអាត្មាបួសហើយ ដូច្នេះ ។