អដ្ឋកថា មាណវត្ថេរគាថា

ក្បាលទី 41 · ទំព័រ 461

គាថារបស់ព្រះមាណវត្ថេរ មានពាក្យផ្តើមថា ជិណញ្ច ទិស្វា ទុក្ខិតញ្ច ព្យាធិតំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងកប្បីទី ៩១ អំពីភទ្ទកប្បនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ជាគ្រូមើលនូវ លក្ខណៈ ពិចារណាលក្ខណៈនៃអភិជាតិរបស់ព្រះមានព្រះភាគ ព្រះនាមថា វិបស្សី ប្រកាសបុព្វនិមិត្តហើយព្យាករថា បុរសនេះនឹងបានជាព្រះពុទ្ធដោយ ចំណែកមួយ ដូច្នេះហើយ សរសើរដោយន័យផ្សេងៗ ថ្វាយបង្គំហើយ ធ្វើ ប្រទក្សិណចៀសចេញទៅ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងសុគតិតែម្យ៉ាង ក្នុង ពុទ្ធុប្បាទនេះ កើតក្នុងផ្ទះព្រាហ្មណមហាសាលក្នុងនគរសាវត្ថី ចម្រើនធំធាត់ ក្នុងផ្ទះតែម្យ៉ាងរហូត ៧ ឆ្នាំ ក្នុងឆ្នាំទី ៧ ពួកបរិវារនាំទៅលេងឧទ្យានឃើញ មនុស្សចាស់ មនុស្សឈឺ និងមនុស្សស្លាប់ក្នុងរវាងផ្លូវ ក៏សួរបរិវារជនទាំងនោះ ព្រោះមិនធ្លាប់ឃើញមនុស្សចាស់ មនុស្សឈឺ និងមនុស្សស្លាប់ ស្តាប់ សភាពរបស់ជរា ព្យាធិ និងមរណៈហើយ កើតសេចក្តីសង្វេគ ត្រឡប់អំពីទីនោះ ទៅកាន់វិហារស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តាឲ្យមាតាបិតាអនុញ្ញាត ហើយបួសផ្តើមវិបស្សនាសម្រេចអរហត្តក្នុងកាលមិនយូរឡើយ សមដូចគាថា ព័ន្ធដែលលោកពោលទុកក្នុងអបទានថា កាលដែលព្រះវិបស្សីទ្រង់ប្រសូត ខ្ញុំបានទាយនិមិត្តថា ព្រះពុទ្ធ នឹងញ៉ាំងប្រជុំជនក្នុងលោកឲ្យរលត់ទុក្ខ ។