អដ្ឋកថា គាថាព្រះសុយាមនត្ថេរ
គាថារបស់ព្រះសុយាមនត្ថេរ មានពាក្យផ្តើមថា កាមច្ឆន្ទោ ច ព្យាបទោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ កុលបុត្តនេះក៏មានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំ បុណ្យជាច្រើនទុកក្នុងភពនោះៗ ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមថា វិបស្សី កុលបុត្តនេះ កើតក្នុងត្រកូល ព្រាហ្មណ៍ ក្នុងធញ្ញវតីនគរ ចម្រើនវ័យហើយសម្រេចការសិក្សាក្នុងសិប្បស្រាស្តរបស់ពួកព្រាហ្មណ៍ បានជាអាចារ្យបង្រៀនមន្តដល់ពួកព្រាហ្មណ៍ ។ ដោយសម័យនោះ ព្រះមានព្រះភាគព្រះនាមថាវិបស្សីចូលទៅកាន់នគរធញ្ញវតីដើម្បីបិណ្ឌបាតមួយអន្លើដោយមហាភិក្ខុសង្ឃ ។ ព្រាហ្មណ៍ឃើញព្រះមាន ព្រះភាគមួយអន្លើដោយភិក្ខុទាំងឡាយ មានចិត្តជ្រះថ្លា និមន្តព្រះមានព្រះភាគ ទៅកាន់ផ្ទះរបស់ខ្លួន តាក់តែងអាសនៈក្រាលអាសនៈ រោយផ្កាលើអាសនៈ ថ្វាយហើយ ។ កាលព្រះសាស្តាគង់លើអាសនៈនោះហើយ ក៏អង្គាសព្រះ សាស្តា និងភិក្ខុសង្ឃឲ្យឆ្អែតស្កប់ស្កល់ដោយបណីតភោជន ហើយបូជាព្រះសាស្តា ដែលសោយស្រេចហើយដោយផ្កានិងគ្រឿងក្រអូប ។ ព្រះសាស្តា ទ្រង់ធ្វើអនុមោទនា ហើយចៀសចេញទៅ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវលោក ធ្វើបុណ្យ ទាំងឡាយហើយ អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយ ។ ក្នុង ពុទ្ធុប្បាទនេះ កើតជាកូនព្រាហ្មណ៍ម្នាក់ក្នុងនគរសាវត្ថី មានឈ្មោះថា សុយាមនៈ ។ សុយាមនព្រាហ្មណ៍ចម្រើនវ័យហើយ ជាអ្នកដល់នូវត្រើយនៃ វេទ ជាអ្នកប្រកបទៅដោយការពិចារណាក្រៃលែង រង្កៀសនូវការសេពកាមារម្មណ៍បែបអ្នកស្រុក មានអធ្យាស្រ័យបង្អោនទៅក្នុងឈាន មានសទ្ធាក្នុង កាលដែលព្រះមានព្រះភាគ យាងទៅនគរវេសាលី បួសហើយសម្