អដ្ឋកថា សុសារទត្ថេរគាថា

ក្បាលទី 41 · ទំព័រ 474

គាថារបស់ព្រះសុសារទត្ថេរ មានពាក្យផ្តើមថា សាធុ សុវិហិតាន ទស្សនំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមថាបទុមុត្តរៈ កុលបុត្ត នេះ កើតក្នុងត្រកូលព្រាហ្មណ៍ សិក្សាសម្រេចក្នុងវិជ្ជាទាំងឡាយហើយ ឃើញ ទោសក្នុងកាមទាំងឡាយ លះឃរាវាសវិស័យហើយបួសជាតាបស សាង អាស្រមត្រង់ជាយព្រៃក្នុងហិមវន្តប្បទេស ។ លំដាប់នោះ ព្រះមានព្រះភាគទ្រង់ព្រះនាមថាបទុមុត្តរៈ កាលទ្រង់អនុគ្រោះ ទើបទ្រង់ចូលទៅក្នុងពេលភិក្ខាចារ ។ កុលបុត្តនោះ ឃើញព្រះមាន ព្រះភាគអំពីចម្ងាយ មានចិត្តជ្រះថ្លា ក្រោកឡើងទទួល ទទួលបាត្រ ហើយ ដាក់ផ្លែឈើដែលមានរសផ្អែម បង្អោនចូលទៅថ្វាយ ។ ព្រះមានព្រះភាគ ទទួលបាត្រនោះហើយ ទ្រង់ធ្វើអនុមោទនា ហើយចៀសចេញទៅ ។ ដោយ បុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ។ ក្នុង ពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ជាញាតិរបស់ព្រះធម្មសេនាបតី មាន ឈ្មោះថា សុសារទៈ ព្រោះជាអ្នកមានបញ្ញាតិច ។ ក្នុងកាលតមក ស្តាប់ធម៌ ក្នុងសម្នាក់របស់ព្រះធម្មសេនាបតី មានសទ្ធា បួសហើយ ចម្រើនវិបស្សនា សម្រេចអរហត្ត ។ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ខ្ញុំជាអ្នកស្វាធ្យាយមន្ត ចងចាំមន្ត ចេះចប់ត្រៃវេទនៅក្នុងអាស្រមជិតព្រៃហិមពាន្ត ។ ការបូជាភ្លើង របស់ខ្ញុំតែងមាន ខ្ញុំ ដាក់ផ្លែឈូកទាំងឡាយក្នុងកញ្ចប់ ហើយព្យួរលើចុងឈើ ។