អដ្ឋកថា រក្ខិតត្ថេរគាថា
គាថារបស់ព្រះរក្ខិតត្ថេរ មានពាក្យផ្តើមថា សព្វោ រាគោ បហីនោ មេ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កើតក្នុងផ្ទះនៃត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ស្តាប់ទេសនា របស់ព្រះសាស្តា មានចិត្តជ្រះថ្លា បានធ្វើនូវការសរសើរ ដោយប្រារព្ធព្រះញាណ ក្នុងទេសនា ព្រះសាស្តាទ្រង់ប្រមើលមើលការជ្រះថ្លានៃចិត្តរបស់កុលបុត្ត នោះហើយ ទ្រង់ព្យាករថា ក្នុងទីបំផុតនៃមួយសែនកប្បអំពីកប្បនេះ អ្នក នឹងបានជាសាវ័កឈ្មោះរក្ខិតៈ របស់ព្រះសម្មាសម្ពុទ្ធព្រះនាមថាគោតម កុលបុត្ត នោះស្តាប់ព្យាករនោះហើយមានចិត្តជ្រះថ្លាពន់ប្រមាណ ធ្វើបុណ្យជាច្រើន អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រ- កូលសក្យៈក្នុងទេវទហនិគម មាននាមថារក្ខិតៈ ។ កុលបុត្តនេះជាព្រះរាជ កុមារមួយអង្គដែលបួសក្នុងចំនួនព្រះរាជកុមារ ៥០០ ដែលពួកសក្យៈ និង កោលិយៈទាំងឡាយថ្វាយដើម្បីជាបរិវាររបស់ព្រះមានព្រះភាគ ។ ព្រះរាជ កុមារទាំងនោះ ត្រូវសេចក្តីអផ្សុកគ្របសង្កត់ព្រោះមិនបានបួសដោយសេចក្តី សង្វេគ ក្នុងកាលព្រះសាស្តានាំទៅកាន់ស្រះកុណាល ទ្រង់ប្រកាសទោសក្នុង កាមទាំងឡាយ ដោយទ្រង់ចង្អុលឲ្យឃើញទោសរបស់មាតុគ្រាមក្នុងទេសនា ដែលពោលអំពីកុណាលជាតក ហើយទ្រង់ឲ្យប្រកបក្នុងកម្មដ្ឋាន ពេលនោះ ព្រះរក្ខិតត្ថេរនេះខ្វល់ខ្វាយក្នុងកម្មដ្ឋានចម្រើនវិបស្សនា សម្រេចអរហត្ត សម ដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ទ្រង់ជានរាសភៈ ទ្រង់សម្តែងធម៌ជាចំណែកព្រះនិព្វានដល់ពួកជនច្រើន ។