អដ្ឋកថា គាថាព្រះសមិតិគុត្តត្ថេរ

ក្បាលទី 41 · ទំព័រ 501

គាថារបស់ព្រះសមិតិគុត្តត្ថេរ មានពាក្យផ្តើមថា យំ មយា កតំ បបំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏មានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គ មុនៗ សន្សំបុណ្យជាច្រើនទុកក្នុងភពនោះៗ ក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមថាវិបស្សី កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ជួបព្រះមានព្រះភាគ មានចិត្តជ្រះថ្លា ហើយបានធ្វើការបូជាដោយផ្កាម្លិះ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងភពណាមួយ ក៏បានតាំងនៅ ក្នុងឋានៈដែលមានកុសលសម្បត្តិ រូបសម្បត្តិ និងបរិវារសម្បត្តិក្រៃលែងជាង សត្វដទៃក្នុងភពនោះៗ ។ ក្នុងអត្តភាពមួយ កុលបុត្តនោះឃើញព្រះបច្ចេកពុទ្ធមួយអង្គត្រាច់បិណ្ឌបាតគិតថា សមណៈត្រងោលនេះ ប្រហែលជាកើត ឃ្លង់ ដោយហេតុនោះ ទើបសមណៈរូបនេះចាំបាច់យកសំពត់សណ្តប់ខ្លួនដើរ ទៅ ដូច្នេះហើយ ស្តោះទឹកមាត់ ដើរចេញទៅ ។ ដោយកម្មនោះ កុលបុត្តនោះឆេះនៅក្នុងនរកអស់កាលជាអនេក ក្នុងសាសនា ព្រះមានព្រះភាគព្រះនាមថាកស្សបៈ មកកើតជាមនុស្ស បួសជាបរិព្វាជក ឃើញឧបាសកម្នាក់សម្បូរដោយសីលាចារវត្ត អាក់អន់ បានជេរប្រទេចថា ឯងជាមនុស្សឃ្លង់ ដូច្នេះ មិនតែបុណ្ណោះបំផ្លាញលម្ហិតសម្រាប់ងូតទឹក ដែលមនុស្សទាំងឡាយទុកត្រង់កំពង់ទឹក ហើយចេញទៅ ។ ដោយកម្មនោះ កុលបុត្តនោះកើតក្នុងនរកទៀត សោយទុក្ខអស់ឆ្នាំជា អនេក ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តព្រាហ្មណ៍ម្នាក់ នៅក្នុងនគរសាវត្ថី មានឈ្មោះថាសមិតិគុត្តៈ ។ កុលបុត្តនោះចម្រើនវ័យហើយ ស្តាប់ព្រះធម្មទេសនាក្នុងព្រះបរមសាស្តា ជាអ្នកមានសទ្ធា បួសហើយ មានសីលបរិសុទ្ធ ដោយផលនៃកម្មចាស់របស់លោក រោគឃ្លង់កើតឡើងហើយ ។