អដ្ឋកថា សីហត្ថេរគាថា
គាថារបស់ព្រះសីហត្ថេរ មានពាក្យផ្តើមថា សីហប្បមត្តោ វិហរ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈនោះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ ។ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាអត្ថទស្សី ក្នុងកប្បទី ១៨០០ រាប់អំពីភទ្ទកប្បនេះ កុលបុត្តនេះកើតជាកិន្នរ ជាអ្នកមានផ្កាជា អាហារ មានផ្កាជាគ្រឿងស្លៀកដណ្តប់ នៅអាស្រ័យត្រង់ឆ្នេរស្ទឹងចន្ទភាគា ឃើញព្រះមានព្រះភាគយាងទៅតាមអាកាស មានចិត្តជ្រះថ្លា បំណងនឹងបូជា បានឈរផ្គងអញ្ជលី ។ ព្រះមានព្រះភាគទ្រង់ជ្រាបអធ្យាស្រ័យរបស់កិន្នរនោះ ទើបចុះអំពីអាកាស គង់ពត់ភ្នែនត្រង់គល់ឈើមួយដើម កិន្នរបុកខ្លឹមចន្ទន៍រួច ធ្វើការបូជាដោយក្លិនខ្លឹមចន្ទន៍ និងដោយផ្កាទាំងឡាយ ថ្វាយបង្គំធ្វើប្រទក្សិណ ហើយចៀសចេញទៅ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលស្តេចមល្លៈមាននាមថា សីហៈ ។ សីហកុមារឃើញព្រះមានព្រះភាគហើយ មានចិត្តជ្រះថ្លាថ្វាយបង្គំ អង្គុយក្នុង ចំណែកម្ខាង ព្រះសាស្តា ទ្រង់ប្រមើលមើលអធ្យាស្រ័យរបស់កុលបុត្តនោះ ហើយទ្រង់សម្តែងធម៌ កុលបុត្តនោះស្តាប់ធម៌ហើយមានសទ្ធាបួសហើយរៀនកម្ម ដ្ឋាននៅក្នុងព្រៃ ។ ចិត្តរបស់កុលបុត្តនោះស្ទុះឆ្លេឆ្លាទៅក្នុងអារម្មណ៍ផ្សេងៗ មិនមានឯកគ្គតាចិត្តឡើយ មិនអាចញ៉ាំងប្រយោជន៍ខ្លួនឲ្យសម្រេចបាន ព្រះសាស្តា ទ្រង់ឃើញដូច្នោះហើយ ទ្រង់ឈរក្នុងអាកាស ទូន្មានដោយគាថាថា ម្នាលភិក្ខុឈ្មោះសីហៈ ចូរអ្នកកុំប្រមាទ កុំខ្ជិលច្រអូសអស់យប់ នឹងថ្ងៃ ចូរអ្នកចម្រើនកុសលធម៌ចុះ ចូរអ្នកលះបង់នូវគ្រោងកាយ គឺអត្តភាពដោយឆ