អដ្ឋកថា នាគិតត្ថេរគាថា

ក្បាលទី 41 · ទំព័រ 522

គាថារបស់ព្រះនាគិតត្ថេរ មានពាក្យផ្តើមថា ឥតោ ពហិទ្ធា បុថុអញ្ញវាទិនំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា ក្នុងសាសនារបស់ព្រះពុទ្ធព្រះនាម បទុមុត្តរៈ កុលបុត្តនេះជា ព្រាហ្មណ៍ឈ្មោះនារទៈ ។ ថ្ងៃមួយ អង្គុយក្នុងរោងមូល ឃើញព្រះមានព្រះភាគ ដែលភិក្ខុសង្ឃចោមរោមហើយ កំពុងយាងទៅមានចិត្តជ្រះថ្លា សរសើរ ដោយគាថា ៣ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក ធ្វើបុណ្យហើយ អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះកើតក្នុងត្រកូលនៃស្តេចសក្យៈក្នុងនគរកបិលពស្តុមានឈ្មោះថា នាគិត កាលព្រះមាន ព្រះភាគ គង់នៅក្នុងនគរកបិលពស្តុស្តាប់ មធុបិណ្ឌិកសូត្រ មានសទ្ធាបួស ហើយ ចម្រើនវិបស្សនាសម្រេចអរហត្ត សមដូចគាថាព័ន្ធដែលលោកពោល ទុកក្នុងអបទានថា ខ្ញុំអង្គុយនៅក្នុងរោងធំ បានឃើញ ( ព្រះបទុមុត្តរៈ ) ជាលោក នាយកទ្រង់អស់អាសវៈ ទ្រង់ដល់នូវពលធម៌ មានភិក្ខុសង្ឃ ចោមរោម ។ ( ខ្ញុំសរសើរថា ) ភិក្ខុសង្ឃទាំង ១ សែន អង្គសុទ្ធតែជាអ្នកបានវិជ្ជា ៣ អភិញ្ញា ៦ មានឫទ្ធិច្រើនតែង ចោមរោមព្រះសម្ពុទ្ធអ្នកណាឃើញហើយនឹងមិនជ្រះថ្លាបាន ។ ( ក្នុងលោក ) ព្រមទាំងទេវលោកឥតមានញាណណានឹង ប្រៀបផ្ទឹមក្នុងញាណព្រះសម្ពុទ្ធបានឡើយ អ្នកណាឃើញព្រះ សម្ពុទ្ធ មានញាណរកទីបំផុតគ្មានហើយនឹងមិនជ្រះថ្លាបាន ។ ម្យ៉ាងទៀត សាវ័កទាំងឡាយ សម្តែងនូវធម្មកាយជាទីកើតនៃ រតនៈតែប៉ុណ្ណោះ តែមិនអាចឲ្យព្រះសម្ពុទ្ធកម្រើកបានទេ អ្នកណា ឃើញហើយនឹងមិនជ្រះថ្លាបាន ។ នារទបុរសគឺខ្ញុំនោះដើរ ទៅពីខាងមុខហើយពោលសរសើរនូវព្រះបទុមុត្តរសម្មាសម្ពុទ្ធ ទ្រង់ឥតមានបុគ្គលផ្ចាលផ្ចាញ់បានដោយគាថាទាំង ៣ នេះ ។