អដ្ឋកថា គាថាព្រះសាមិទត្តត្ថេរ
គាថារបស់ព្រះសាមិទត្តត្ថេរ មានពាក្យផ្តើមថា បញ្ចក្ខន្ធា បរិញ្ញាតា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថា អត្ថទស្សី កើតក្នុង ផ្ទះនៃត្រកូលដល់នូវភាពជាអ្នកដឹងក្តីហើយ ។ កាលព្រះសាស្តាបរិនិព្វានហើយ កុលបុត្តនោះ ធ្វើឆត្ររួតដោយផ្កាទាំងឡាយ ធ្វើការបូជាត្រង់ស្តូបរបស់ព្រះសាស្តា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក ធ្វើបុណ្យតៗមក អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាកូន របស់ព្រាហ្មណ៍ម្នាក់ក្នុងក្រុងរាជគ្រឹះមានឈ្មោះថាសាមិទត្ត ។ កុលបុត្តនោះដឹងក្តីដោយលំដាប់ បានឮអំពីអានុភាពរបស់ព្រះពុទ្ធហើយ ទៅកាន់វិហារមួយអន្លើដោយឧបាសកទាំងឡាយ ឃើញព្រះសាស្តា កំពុង សម្តែងធម៌ជាអ្នកមានចិត្តជ្រះថ្លាហើយ អង្គុយក្នុងចំណែកម្ខាង ។ ព្រះសាស្តាទ្រង់ប្រមើលមើលឧបនិស្ស័យរបស់កុលបុត្តនោះហើយ ទ្រង់ សម្តែងធម៌ អនុលោមតាមអធ្យាស្រ័យ ជាហេតុឲ្យកុលបុត្តនោះបាននូវសទ្ធា និងសេចក្តីសង្វេគក្នុងសង្សារ ។ កុលបុត្តនោះបាននូវសទ្ធាកើតនូវការសង្វេគ ហើយ ទើបចេញបួស ជាអ្នកខ្ជិលច្រអូសមួយរយៈ ព្រោះញាណមិនទាន់ ចាស់ក្លាត្រូវព្រះសាស្តាទ្រង់សម្តែងធម៌ជម្រុញឲ្យអាចហាន ទើបរៀនកម្មដ្ឋាន ប្រកបសេចក្តីខ្វល់ខ្វាយក្នុងកម្មដ្ឋាន សម្រេចអរហត្ត ក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា កាលព្រះមានព្រះភាគព្រះនាមអត្ថទស្សី ទ្រង់ប្រសើរជាងពួកនរៈ ទ្រង់បរិនិព្វានហើយ ខ្ញុំបានឲ្យគេធ្វើឆត្ររួត ហើយឲ្យលើកឡើង ត្រង់ព្រះស្តូប