អដ្ឋកថា វិជយត្ថេរគាថា
គាថារបស់ព្រះវិជយត្ថេរ មានពាក្យផ្តើមថា យស្សាសវា បរិក្ខីណា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថាបិយទស្សី កុលបុត្ត នេះ កើតក្នុងត្រកូលដែលសម្បូរដោយសម្បត្តិ ជាអ្នកដឹងក្តីហើយ ។ កាល ព្រះសាស្តាទ្រង់បរិនិព្វានហើយ ឲ្យជាងធ្វើវេទិកា គឺទេនដាក់គ្រឿងសក្ការៈ រំលេចដោយរតនៈ សម្រាប់ព្រះស្តូបរបស់ព្រះមានព្រះភាគ ព្រះនាមថា បិយទស្សី ហើយធ្វើការឆ្លងវេទិកានោះដ៏ឧឡារ ត្រង់ព្រះស្តូបនោះ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ ត្រាច់ទៅដោយពន្លឺនៃកែវមណីច្រើន រយអត្តភាព កាលកុលបុត្តនោះអន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ យ៉ាងនេះ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ក្នុងនគរសាវត្ថី មាន ឈ្មោះថាវិជយៈ ។ វិជយព្រាហ្មណ៍ចម្រើនវ័យហើយ សម្រេចការសិក្សាក្នុង វិជ្ជារបស់ព្រាហ្មណ៍ទាំងឡាយ បួសជាតាបស ជាអ្នកបាននូវឈាននៅត្រង់ ជាយព្រៃ ស្តាប់ការកើតឡើងនៃព្រះពុទ្ធហើយ មានចិត្តជ្រះថ្លា ចូលទៅកាន់ សម្នាក់ព្រះសាស្តា ថ្វាយបង្គំហើយអង្គុយក្នុងចំណែកម្ខាង ព្រះសាស្តាទ្រង់ សម្តែងធម៌ដល់កុលបុត្តនោះហើយ កុលបុត្តនោះស្តាប់ធម៌ហើយបួស ផ្តើម ចម្រើនវិបស្សនា សម្រេចអរហត្ត ក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធ ដែលលោកពោលក្នុងអបទានថា កាលព្រះលោកនាថ ព្រះនាមបិយទស្សី ជានរៈដ៏ឧត្តម ទ្រង់ បរិនិព្វានហើយ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បាន សាងខឿនចេតិយ សម្រាប់ជាពុទ្ធបូជា ។