អដ្ឋកថា ឧត្តិយត្ថេរគាថា
គាថារបស់ព្រះឧត្តិយត្ថេរ មានពាក្យផ្តើមថា សទ្ទំ សុត្វា សតិ មុដ្ឋា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភពនោះៗ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថាសុមេធ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ។ ថ្ងៃមួយជួបព្រះសាស្តា ជាអ្នកមានចិត្តជ្រះថ្លា ហើយ តាក់តែងបល្ល័ង្កដែលក្រាលដោយសំពត់ធ្វើដោយរោមសត្វ មួយអន្លើដោយសំពត់បាំងអំពីខាងលើ សមគួរដល់ព្រះពុទ្ធ ហើយបានថ្វាយទុក ក្នុងព្រះគន្ធកុដិ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំង- ឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូកលស្តេចសក្យនានគរកបិលពស្តុមាន ឈ្មោះថាឧត្តិយៈ កុលបុត្តនោះចម្រើនវ័យហើយឃើញពុទ្ធានុភាពក្នុងសមាគម នៃពួកញាតិរបស់ព្រះសាស្តា ជាអ្នកមានសទ្ធាបួសហើយ បំពេញសមណធម៌ ។ ថ្ងៃមួយ ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត បានស្តាប់សំឡេងច្រៀង របស់មាតុគ្រាមក្នុងរវាងផ្លូវកើតឆន្ទរាគៈក្នុងសំឡេងច្រៀងនោះដោយអំណាច នៃអយោនិសោមនសិការ ទើបរម្ងាប់ឆន្ទរាគៈនោះ ដោយកម្លាំងនៃការពិចារណា ហើយចូលទៅកាន់វិហារ កើតនូវសេចក្តីសង្វេគ អង្គុយក្នុងទីសម្រាក ពេលថ្ងៃចម្រើនវិបស្សនា សម្រេចអរហត្តក្នុងខណៈនោះឯង សមដូចគាថា ព័ន្ធដែលលោកពោលទុកក្នុងអបទានថា ខ្ញុំបានថ្វាយបល័្លង្ក ( គ្រែ ) ព្រមទាំងពិតាន ចំពោះព្រះមាន ព្រះភាគព្រះនាមសុមេធៈជាច្បងក្នុងលោក ទ្រង់ប្រកបដោយ តាទិគុណ ។