អដ្ឋកថា គាថាព្រះពេលដ្ឋកានិត្ថេរ

ក្បាលទី 41 · ទំព័រ 589

គាថារបស់ព្រះពេលដ្ឋកានិត្ថេរ មានពាក្យផ្តើមថា ហិត្វា គហិត្តំ អនវោសិតត្តោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិ ហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ ។ ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ ព្រះមានព្រះភាគ ព្រះនាម ថាវេស្សភូ កុលបុត្តនេះកើតក្នុងត្រកូលព្រាហ្មណ៍ ដឹងក្តីហើយ ដល់នូវការ សម្រេចក្នុងសិប្បវិជ្ជា របស់ព្រាហ្មណ៍ទាំងឡាយ លះនូវឃរាវាសវិស័យ ហើយបួសជាតាបស មានពួកឥសីចោមរោមត្រាច់ទៅ ថ្ងៃមួយឃើញព្រះមាន ព្រះភាគព្រះនាមថាវេស្សភូ កើតនូវបីតិសោមនស្ស អាស្រ័យញាណសម្បត្តិ របស់ព្រះសាស្តាទើបជាអ្នកមានចិត្តជ្រះថ្លាបានធ្វើការបូជាដោយផ្កាទាំងឡាយ ឧទ្ទិសចំពោះព្រះញាណ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍នាក្រុងសាវត្ថី មាន ឈ្មោះថា ពេលដ្ឋកានិ ដល់នូវការដឹងក្តីហើយ ស្តាប់ព្រះធម្មទេសនារបស់ ព្រះសាស្តាបាននូវសទ្ធាបួសហើយ រៀនកម្មដ្ឋាននៅក្នុងព្រៃត្រង់ដែនកោសល ជាអ្នកខ្ជិលច្រអូស មានរាងកាយធាត់ មានវាចាគ្រោតគ្រាត មិនញ៉ាំងចិត្ត ឲ្យកើតឡើងក្នុងសមណធម៌ ។ លំដាប់នោះ ព្រះមានព្រះភាគទ្រង់ប្រមើលមើលនូវការចាស់ក្លានៃញាណ ហើយញ៉ាំងពេលដ្ឋកានិភិក្ខុឲ្យសង្វេគ ដោយព្រះគាថានេះថា បុរសបុគ្គលល្ងង់ខ្លៅ លះបង់សភាពជាគ្រហស្ថ ( ចូលកាន់ ផ្នួស ) ជាអ្នកមិនបានអប់រំខ្លួន ជាអ្នកមានមាត់ដូចជានង្គ័ល ខ្ជិលច្រអូស បានតែខាងចិញ្ចឹមពោះ ដូចជ្រូកស្រុកធំ ដែល គេបំប៉នដោយចំណី តែងចូលទៅកាន់ភគ៌រឿយៗ ដូច្នេះ ។