អដ្ឋកថា ខិតកត្ថេរគាថា

ក្បាលទី 41 · ទំព័រ 602

គាថារបស់ព្រះខិតកត្ថេរ មានពាក្យផ្តើមថា លហុតោ វត មេ កាយោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈនេះ ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទុកក្នុងភពនោះៗ ក្នុងពុទ្ធុប្បាទនៃព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ កើតជាយក្ខសេនាបតី ថ្ងៃមួយអង្គុយក្នុងសមាគមយក្ខ ឃើញព្រះសាស្តាគង់ត្រង់គល់ឈើមួយកន្លែង ទើបចូលទៅគាល់ ថ្វាយបង្គំ ព្រះសាស្តាហើយអង្គុយក្នុងចំណែកម្ខាង ។ ព្រះសាស្តាទ្រង់សម្តែងធម៌ដល់ យក្ខនោះ យក្ខស្តាប់ធម៌ហើយ បាននូវបីតិនិងសោមនស្សដ៏ឧឡារ ទះដៃ ក្រោកឡើង ថ្វាយបង្គំព្រះសាស្តា ធ្វើប្រទក្សិណហើយចៀសចេញទៅ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍នាក្រុងសាវត្ថី មានឈ្មោះ ថាខិតកៈ ដល់នូវភាពជាអ្នកដឹងក្តីហើយ ស្តាប់នូវភាពដែលព្រះមហាមោគ្គល្លានជាអ្នកមានឫទ្ធិច្រើន គិតថាអញនឹងជាបុគ្គលដូចព្រះថេរៈអង្គនេះ កាល បុព្វហេតុដាស់តឿន បួសហើយ រៀនកម្មដ្ឋានក្នុងសំណាក់នៃព្រះមានព្រះភាគ ធ្វើកម្មក្នុងសមថៈនិងវិបស្សនាទាំងឡាយ បានសម្រេចអភិញ្ញា ៦ ក្នុងកាល មិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ព្រះពុទ្ធព្រះនាមបទុមៈ ព្រះអង្គជាធំជាងសត្វជើងពីរ ជានរាសភៈ ទ្រង់មានបញ្ញាចក្ខុ ទ្រង់ចេញចាកព្រៃ គឺតណ្ហា តែង សម្តែងនូវធម៌ ។