អដ្ឋកថា សុហេមន្តត្ថេរគាថា
គាថារបស់ព្រះសុហេមន្តត្ថេរ មានពាក្យផ្តើមថា សតលិង្គស្ស អត្ថស្ស ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភពនោះៗ ក្នុងពុទ្ធុប្បាទនៃព្រះមានព្រះភាគព្រះនាមថាតិស្សៈ ក្នុងកប្បទី ៩២ អំពីភទ្ទកប្បនេះ កុលបុត្តនោះកើតជាព្រានព្រៃនៅក្នុងព្រៃ ។ ព្រះមានព្រះភាគយាង ចូលកាន់ព្រៃ ដើម្បីអនុគ្រោះកុលបុត្តនោះ ទើបគង់ត្រង់គល់ឈើមួយដើម ក្នុងទីមិនឆ្ងាយអំពីព្រានព្រៃនោះ ។ កុលបុត្តនោះ ឃើញព្រះមានព្រះភាគ ហើយ មានចិត្តជ្រះថ្លា បេះផ្កាបុស្សនាគដែលមានក្លិនក្រអូបមកបូជាព្រះមាន ព្រះភាគ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក សន្សំបុណ្យហើយ អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជា ព្រាហ្មណបុត្ត ដែលសម្បូរដោយសម្បត្តិ ត្រង់បច្ចន្តជនបទ មានឈ្មោះថា សុហេមន្ត ។ កុលបុត្តនោះដល់នូវភាពជាអ្នកដឹងក្តីហើយ ចូលទៅគាល់ព្រះមាន ព្រះភាគដែលគង់នៅក្នុងមិគទាយវ័ន ក្នុងសង្កស្សនគរ ស្តាប់ធម៌ហើយ បាននូវសទ្ធាបួសហើយ ជាអ្នកទ្រទ្រង់ព្រះត្រៃបិដក ផ្តើមតាំងវិបស្សនា បាន នូវអភិញ្ញា ៦ ដល់នូវភាពជាអ្នកជំនាញក្នុងបដិសម្ភិទា ក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ខ្ញុំបានកើតជាព្រានព្រៃ អាស្រ័យនៅក្នុងព្រៃធំ បានឃើញនូវ ឈើបុន្នាគដែលមានផ្ការីក ក៏នឹកដល់ព្រះសម្ពុទ្ធដ៏ប្រសើរ ។