អដ្ឋកថា គាថាព្រះជេន្តត្ថេរ
គាថារបស់ព្រះជេន្តត្ថេរ មានពាក្យផ្តើមថា ទុប្បព្វជ្ជំ វេ ទុរធិវាសា គេហា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានហើយធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ ជាអ្នកសន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុក ក្នុងភពនោះៗ ក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមថាសិខី កើតជា ទេវបុត្ត ។ ថ្ងៃមួយឃើញព្រះសាស្តា មានចិត្តជ្រះថ្លា បានធ្វើការបូជាដោយ ផ្កាល្ពៅទិព្វ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាឱរសរបស់ស្តេចគ្រប់គ្រងមណ្ឌលមួយអង្គ ក្នុងជេន្តគាមដែនមគធៈមានឈ្មោះថាជេន្តៈ ។ កុលបុត្តនេះដល់នូវភាពជាអ្នកដឹង ក្តីហើយ កាលហេតុសម្បត្តិដាស់តឿន តាំងពីនៅក្មេង ជាអ្នកមានចិត្ត បង្អោនទៅក្នុងបព្វជ្ជា ទ្រង់ព្រះតម្រិះច្រើនដងថា ឈ្មោះថាបព្វជ្ជា ជារបស់ធ្វើ បានលំបាក ការនៅគ្រប់គ្រងផ្ទះក៏លំបាក ធម៌ក៏ជារបស់ជ្រាលជ្រៅ ភោគស ម្បត្តិ ក៏រកបានដោយលំបាក អញគិតដូចម្តេចហ្ន៎ រាជកុមារជាអ្នកច្រើនទៅ ដោយការគិតច្រើនយ៉ាងនេះ ថ្ងៃមួយ ចូលទៅកាន់សម្នាក់របស់ព្រះសាស្តា ស្តាប់ធម៌ហើយ ក្រោយអំពីបានស្តាប់ធម៌មានចិត្តត្រេកអរក្រៃលែងក្នុងបព្វជ្ជា បួសក្នុងសម្នាក់ព្រះសាស្តារៀនកម្មដ្ឋានហើយ ចម្រើនវិបស្សនា បានធ្វើឲ្យ ជាក់ច្បាស់អរហត្តផលដោយសុខាបដិបទាខិប្បាភិញ្ញា គឺបដិបត្តិងាយ ត្រាស់ដឹង ងាយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ខ្ញុំជាទេវបុត្ត បានបូជាចំពោះព្រះពុទ្ធ ជានាយកព្រះនាមសិខី ខ្ញុំកាន់យកផ្កាល្ពៅ បង្អោនថ្វាយព្រះពុទ្ធ ។