អដ្ឋកថា អធិមុត្តត្ថេរគាថា
គាថារបស់ព្រះអធិមុត្តត្ថេរ មានពាក្យផ្តើមថា កាយទុដ្ឋុលគរុនោ ដូច្នេះ ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក្នុងកាលព្រះមានព្រះភាគព្រះនាមថា បទុមុត្តរៈ កើតក្នុងត្រកូលព្រាហ្មណ៍ ដល់នូវភាវៈជាអ្នកដឹងក្តីហើយសិក្សាសម្រេចក្នុង វិជ្ជាទាំងឡាយរបស់ព្រាហ្មណ៍ ឃើញទោសក្នុងកាមទាំងឡាយ លះនូវឃរាវាសវិស័យ ហើយបួសជាតាបសនៅក្នុងព្រៃ ដឹងដំណឹងការកើតឡើង នៃ ព្រះពុទ្ធ ទើបចូលទៅកាន់ផែនដីមនុស្ស ឃើញព្រះសាស្តាដែលភិក្ខុសង្ឃចោមរោម យាងទៅ ជាអ្នកមានចិត្តជ្រះថ្លា ក្រាលសំពត់សម្បកឈើរបស់ខ្លួនទៀប បាទមូលរបស់ព្រះសាស្តា ព្រះសាស្តា ទ្រង់ជ្រាបអធ្យាស្រ័យរបស់តាបស ទើបទ្រង់ឈរលើសំពត់សម្បកឈើនោះ ។ តាបស បូជាព្រះមានព្រះភាគ ដែលប្រថាប់ឈរលើសំពត់សម្បកឈើនោះ ដោយគ្រឿងក្រអូប ដែលសម គួរដល់សក្ការៈ ហើយសរសើរដោយគាថា ១០ មានពាក្យថា សម្ពុទ្ធរសិមំ លោក្បំ១ដូច្នេះជាដើម ។ ព្រះសាស្តាទ្រង់ព្យាករតាបសថា ក្នុងអនាគតកាល ក្នុងទីបំផុតមួយសែនកប្បអំពីកប្បនេះ តាបសនឹងបួសក្នុងសាសនារបស់ព្រះពុទ្ធ ព្រះនាមថាគោតមនឹងបានជាអ្នកមានអភិញ្ញា ៦ ដូច្នេះហើយ ទ្រង់យាង ចៀសចេញទៅ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក អន្ទោលទៅមកក្នុង ទេវតានិងមនុស្សទាំងឡាយ រហូតដល់ព្រះពុទ្ធអង្គទ្រង់កើតឡើង ។ ក្នុងពុទ្ធុប្បាទនេះ កុលបុត្តនោះកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងនគរសាវត្ថី មានឈ្មោះ ថា អធិមុត្ត ដល់នូវភាពជាអ្នកដឹងក្តីហើយ សិក្សាសម្រេចក្នុងវិជ្ជាទាំងឡាយ របស់ព្រាហ្មណ៍ មិនឃើញសារៈនៃវិជ្ជាទាំងនោះ ទើបស្វែងរកផ្លូវរំលត់ទុក្ខ ។