អដ្ឋកថា យសត្ថេរគាថា

ក្បាលទី 41 · ទំព័រ 666

គាថារបស់ព្រះយសត្ថេរ មានពាក្យផ្តើមថា សុវិលិត្តោ សុវសន្តោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមថាសុមេធ កើតជាស្តេចនាគ មានអានុភាព ច្រើន និមន្តភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន មកកាន់ភពរបស់ខ្លួនហើយ ថ្វាយមហាទាន ឲ្យព្រះមានព្រះភាគទ្រង់គ្រងត្រៃចីវរដែលមានតម្លៃច្រើន និង ឲ្យភិក្ខុគ្រប់រូបស្លៀកដណ្តប់សំពត់ដែលមានតម្លៃច្រើនដូចគ្នា មួយអង្គមួយគូ មួយអន្លើដោយសមណបរិក្ខារគ្រប់យ៉ាង ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមថាសិទ្ធត្ថ កើតជាសេដ្ឋីបុត្ត បូជាបរិវេណដើមពោធិ៍ដោយរតនៈ ៧ ។ ក្នុងសាសនាព្រះមានព្រះភាគព្រះ នាមថាកស្សបៈ បានបួសក្នុងសាសនាបំពេញសមណធម៌ ។ កុលបុត្តនោះ អន្ទោលទៅតែក្នុងសុគតិភពបុណ្ណោះ ដោយប្រការដូច្នេះ ។ ក្នុងពុទ្ធុប្បាទនេះ កើតជាសេដ្ឋីបុត្តមានសម្បត្តិច្រើនក្នុងក្រុងពារាណសីមានឈ្មោះថា យស ជាសុខ ុមាលជាតិក្រៃលែង ។ រឿងទាំងអស់មានជាដើមថា យសកុលបុត្តមាន ប្រាសាទ ៣ គប្បីជ្រាបដោយន័យដែលមកហើយក្នុងខន្ធកៈនោះឯង ។ យសកុលបុត្ត កាលបុព្វហេតុដាស់តឿន ឃើញអាការចម្លែករបស់បរិវារជនដែលដេកលក់ក្នុងវេលារាត្រី កើតនូវសេចក្តីសង្វេគ ពាក់ទ្រនាប់ជើង មាសចុះអំពីប្រាសាទទៅកាន់ទ្វារនគរ ដែលទេវតាបើកឲ្យ ទៅដល់ក្បែរព្រៃ ឥសិបតនមិគទាយវ័ន ពោលថា វឹកវរហ្ន៎ លោកដ៏ចម្រើន សាំញ៉ាំហ្ន៎ លោក ដ៏ចម្រើន ។