អដ្ឋកថា កិមិលត្ថេរគាថា
គាថារបស់ព្រះកិម្ពិលត្ថេរ មានពាក្យផ្តើមថា អភិសត្តោវ និបតតិ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ ធ្វើបុណ្យទាំងឡាយទុកក្នុងភពនោះៗ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថាកកុសន្ធៈ កុលបុត្តនេះកើតក្នុងផ្ទះមានត្រកូល ដល់នូវ ភាពជាអ្នកដឹងក្តីហើយ កាលព្រះមានព្រះភាគបរិនិព្វានហើយបានធ្វើការបូជា ដោយកម្រងផ្កាស្រល់ ដោយធ្វើជាមណ្ឌបឧទ្ទិសព្រះធាតុរបស់ព្រះសាស្តា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ កើតក្នុងឋានតាវត្តិង្ស អន្ទោលទៅមក ក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងសក្យរាជត្រកូលក្នុងនគរកបិលពស្តុមាននាមថាកិម្ពិលៈ ។ រាជកុមារកិម្ពិលៈចម្រើន វ័យហើយសម្បូរដោយភោគសម្បត្តិ ។ ព្រះសាស្តាគង់នៅត្រង់អនុបិយនគរ ទ្រង់ឃើញភាពចាស់ក្លានៃញាណ របស់កុលបុត្តនោះហើយ ដើម្បីឲ្យកើត សេចក្តីសង្វេគ ទើបទ្រង់និម្មិតរូបស្រីតាំងនៅក្នុងវ័យក្រមុំ ល្អគួរគយគន់ ឲ្យ ប្រាកដចំពោះមុខ តមកធ្វើឲ្យដូចជាត្រូវសេចក្តីវិនាសអំពីជរា និងរោគគ្រប សង្កត់ ដោយលំដាប់ ។ កិម្ពិលកុមារឃើញដូច្នោះ កាលនឹងប្រកាសសេចក្តីសង្វេគដ៏ខ្លាំងក្លា ទើបពោលគាថាថា វ័យ ( របស់សត្វ ) រមែងធ្លាក់ចុះ ហាក់ដូចជាត្រូវទេវតា បណ្តេញ រូប ( របស់យើង ) កាលមាននៅ ដោយប្រការ ដូច្នោះ តែហាក់ដូចជារូបអ្នកដទៃ ខ្លួនខ្ញុំនោះ កាលមានពិត តែហាក់ដូចជាមិនមាន ខ្ញុំរពឫកឃើញខ្លួន ( របស់ខ្ញុំ ) ហាក់ដូចជា រពឫកឃើញខ្លួនរបស់អ្នកដទៃដែរ ដូច្នេះ ។