អដ្ឋកថា បិណ្ឌោលភារទ្វាជត្ថេរគាថា
គាថារបស់ព្រះបិណ្ឌោលភារទ្វាជត្ថេរ មានពាក្យផ្តើមថា នយិទំ អនយេន ដូច្នេះ ។ រឿងរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈនេះ ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ ព្រះនាម ថា បទុមុត្តរៈ កើតក្នុងកំណើតរាជសីហ៍ អាស្រ័យក្នុងគុហាភ្នំ ។ ក្នុងវេលា ដែលរាជសីហ៍ចេញទៅរកស៊ី ព្រះដ៏មានព្រះភាគយាងទៅកាន់គុហាដែលជាទី ដេករបស់រាជសីហ៍នោះ ដើម្បីអនុគ្រោះ ទ្រង់គង់ចូលនិរោធសមាបត្តិហើយ រាជសីហ៍ពាំដុំសាច់ត្រឡប់មក ឃើញព្រះដ៏មានព្រះភាគត្រង់ទ្វារគុហា ជាអ្នក មានចិត្តត្រេកអរ ធ្វើការបូជាដោយផ្កាដែលកើតក្នុងទឹក និងផ្កាដែលកើតលើ គោក ធ្វើចិត្តឲ្យជ្រះថ្លា បន្លឺសីហនាទ ៣ ដង ដើម្បីឲ្យសត្វសាហាវគេចទៅ ដើម្បីធ្វើការរក្សាព្រះដ៏មានព្រះភាគ បានឈរគាល់ ដោយមានពុទ្ធានុស្សតិ ជាអារម្មណ៍ បូជាព្រះដ៏មានព្រះភាគអស់ ៧ ថ្ងៃ ដូចបូជាក្នុងថ្ងៃដំបូង ។ លុះកន្លងទៅ ៧ ថ្ងៃ ព្រះដ៏មានព្រះភាគទ្រង់ចេញអំពីនិរោធសមាបត្តិ ទ្រង់ព្រះតម្រិះថា បុណ្ណេះល្មមជាឧបនិស្ស័យដល់រាជសីហ៍នេះហើយ កាល រាជសីហ៍កំពុងឃើញនោះឯង ក៏ហោះទៅកាន់អាកាស យាងទៅកាន់វិហារ ។ រាជសីហ៍មិនអាចអត់សង្កត់សេចក្តីទុក្ខ ដែលកើតអំពីការព្រាត់ប្រាសចាកព្រះ សម្ពុទ្ធ ធ្វើកាលកិរិយាហើយដូចដំរីបាលិលេយ្យកៈ កើតក្នុងត្រកូលគហបតី អ្នកមានភោគៈច្រើនក្នុងនគរហង្សវតី ចម្រើនវ័យហើយ ទៅកាន់ព្រះវិហារ មួយអន្លើដោយអ្នកនគរ ស្តាប់ព្រះធម្មទេសនា បំពេញមហាទានអស់ ៧ ថ្ងៃ ហើយធ្វើបុណ្យដរាបដល់អស់ជីវិត អន្ទោលទៅមក ក្នុងទេវតានិងមនុស្ស ទាំងឡាយ ក្នុងកាលនៃព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ កើតជាបុត្ត បុរោហិតរបស់ព្រះបាទឧទេន ក្នុងនគរកោសម្ពីមានឈ្មោះថាភារទ្វាជៈ ។