អដ្ឋកថា អជិនត្ថេរគាថា

ក្បាលទី 41 · ទំព័រ 713

គាថារបស់ព្រះអជិនត្ថេរ មានពាក្យផ្តើមថា អបិ ចេ ហោតិ តេវិជ្ជោ ដូច្នេះ ។ រឿងរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះថេរៈនេះ ក៏ជាអ្នកមានបុញ្ញាធិការដែលធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទុកក្នុងភពនោះៗ កើតក្នុងផ្ទះមានត្រកូលក្នុងលោកដែល ទទេចាកព្រះពុទ្ធគឺសុញ្ញកប្ប ដល់នូវភាពជាអ្នកដឹងក្តីហើយ បានទៅព្រៃដោយ ករណីយកិច្ចឯណានីមួយ ឃើញព្រះបច្ចេកសម្មាសម្ពុទ្ធ ព្រះនាមថាសុចិន្តិតៈ ត្រូវអាពាធបៀតបៀន អង្គុយក្នុងព្រៃនោះ ទើបចូលទៅរក ថ្វាយបង្គំហើយ ជាអ្នកមានចិត្តជ្រះថ្លា បាននាំយកក្រាមទឹកដោះថ្លាទៅប្រគេនដើម្បីធ្វើជាថ្នាំ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ កើតក្នុងទេវលោក ធ្វើបុណ្យហើយ វិលវល់ទៅមកក្នុងសុគតិភពបុណ្ណោះ ក្នុងពុទ្ធុប្បាទនេះ បដិសន្ធិក្នុងផ្ទះរបស់ ព្រាហ្មណ៍ក្រីក្រម្នាក់ក្នុងនគរសាវត្ថី ក្នុងពេលប្រសូត មនុស្សទាំងឡាយទទួល ដោយបន្ទះស្បែកខ្លា ដោយហេតុនោះទើបមានឈ្មោះថា អជិនៈ នោះឯង ។ កុលបុត្តនោះ កើតក្នុងត្រកូលទុគ៌ត ព្រោះមិនបានធ្វើកម្ម ដែលជាហេតុ ញ៉ាំងភោគៈឲ្យប្រព្រឹត្តទៅ សូម្បីវ័យចម្រើនហើយ ក៏ជាបុគ្គលមានបាយនិង ទឹកមិនសម្បូរ ត្រាច់ទៅឃើញពុទ្ធានុភាព ក្នុងកាលដែលទ្រង់ទទួលជេតពន មហាវិហារ ជាអ្នកមានសទ្ធាបួសហើយ ធ្វើកម្មក្នុងវិបស្សនា បានជាអ្នកមាន អភិញ្ញា ៦ ក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកចងទុកក្នុង អបទានថា ខ្ញុំបានឃើញនូវព្រះមានព្រះភាគ ទ្រង់មានព្រះតម្រិះល្អ ព្រះអង្គ ជាច្បងក្នុងលោក ប្រសើរជាងពួកនរៈ ដែលស្តេចចូលទៅ គង់ក្នុងព្រៃធំ ហើយត្រូវអាពាធកើតអំពីខ្យល់បៀតបៀន ។