អដ្ឋកថា គាថាព្រះហេរញ្ញកានិត្ថេរ
គាថារបស់ព្រះហេរញ្ញកានិត្ថេរ មានពាក្យផ្តើមថា អច្ចយន្តិ អហោរត្តា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក្នុងកាលព្រះសម្មាសម្ពុទ្ធព្រះនាមថា បទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ក្នុងនគរហង្សវតីដឹងក្តីហើយ ស៊ីឈ្នួលអ្នកដទៃចិញ្ចឹម ជីវិត ។ ថ្ងៃមួយ បានបរិច្ចាគសំពត់មួយផ្ទាំង ថ្វាយសាវ័ករបស់ព្រះសាស្តា នាមថាសុជាត ដែលកំពុងស្វែងរកសំពត់បំសុកូល ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ កើតក្នុងឋានតាវត្តិង្ស អន្ទោលទៅមក ក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាកូនរបស់ចោរវោសាសកៈ ដែលជាមេស្រុក របស់ព្រះបាទកោសល មានឈ្មោះថា ហេ- រញ្ញកានិ ។ កុលបុត្តនោះ ចម្រើនវ័យហើយ អំណឹះឥតអំពីបិតាទៅ ក៏បាន ទទួលដំណែងជាមេស្រុក ឃើញពុទ្ធានុភាពក្នុងកាលដែលទ្រង់ទទួលវត្តជេតពនមហាវិហារ បានជាអ្នកមានសទ្ធា ប្រគល់ដំណែងឲ្យប្អូនប្រុស លាព្រះរាជា ចេញបួសហើយ ចម្រើនវិបស្សនាសម្រេចអរហត្តក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកចងទុកក្នុងអបទានថា ក្នុងកាលនោះ សាវ័កនាមសុជាតៈរបស់ព្រះមានព្រះភាគព្រះនាម បទុមុត្តរៈ លោកកំពុងស្វែងរកសំពត់បំសុកូល លើគំនរ សំរាមក្បែរច្រក ។ ខ្ញុំជាអ្នកស៊ីឈ្នួលនៃបុគ្គលដទៃ ក្នុងនគរ ហង្សវតីបានប្រគេនសំពត់ពាក់កណ្តាលហើយថ្វាយបង្គំដោយ សិរ្សៈ ។ ដោយអំពើដែលខ្ញុំបានធ្វើល្អនោះផង ដោយចេតនា ដែលខ្ញុំបានតម្កល់ទុកហើយនោះផង ខ្ញុំលះបង់រាងកាយជា របស់មនុស្សទៅ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ។ ខ្ញុំបាន កើតជាព្រះឥន្ទ សោយរាជ្យជាស្តេចនៃទេវតាអស់ ៣៣ ដង ខ្ញុំបានកើតជាស្តេចចក្រពត្តិអស់ ៧៧ ដង ។