អដ្ឋកថា សព្វមិត្តត្ថេរគាថា
គាថារបស់ព្រះសព្វមិត្តត្ថេរ មានពាក្យផ្តើមថា ជនោ ជនស្មឹ សម្ពន្ធោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យក្នុងភពនោះៗ ។ ក្នុងកប្បទី ៩២ រាប់ថយក្រោយ អំពីភទ្ទកប្បនេះ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាតិស្សៈ កុលបុត្តនេះ កើតក្នុងត្រកូលព្រានព្រៃ សម្លាប់ម្រឹគក្នុងព្រៃស៊ីសាច់ចិញ្ចឹមជីវិត ។ លំដាប់នោះ ព្រះមានព្រះភាគ កាលទ្រង់អនុគ្រោះកុលបុត្តនោះ ទ្រង់ ក៏សម្តែងស្នាមព្រះបាទទុកក្នុងទីក្បែរៗកុលបុត្តនោះចំនួន ៣ ហើយទ្រង់យាង ទៅ ។ កុលបុត្តនោះឃើញស្នាមព្រះបាទ មានរូបកងចក្រជាគ្រឿងសម្គាល់ ព្រោះមានការសន្សំដែលធ្វើហើយក្នុងព្រះសម្មាសម្ពុទ្ធទាំងឡាយ ក្នុងអតីត- កាល មានចិត្តជ្រះថ្លាធ្វើការបូជាដោយផ្កាសិរមាន់ ដោយបុញ្ញកម្មនោះ បដិសន្ធិក្នុងស្ថានតាវត្តិង្ស អន្ទោលទៅមកក្នុងសុគតិភពបុណ្ណោះ ក្នុងពុទ្ធុប្បាទ នេះ កើតក្នុងត្រកូលព្រាហ្មណ៍ នានគរសាវត្ថី មានឈ្មោះថាសព្វមិត្ត កុលបុត្ត នោះដឹងក្តីហើយ ឃើញពុទ្ធានុភាពក្នុងកាលដែលព្រះមានព្រះភាគ ទ្រង់ ទទួលវិហារឈ្មោះជេតពន បាននូវសទ្ធា បួសហើយ រៀនកម្មដ្ឋានក្នុងព្រៃ ចូលវស្សា លុះចេញវស្សាហើយ ក៏ទៅកាន់នគរសាវត្ថី ដើម្បីថ្វាយបង្គំព្រះមាន ព្រះភាគ បានឃើញកូនម្រឹគជាប់អន្ទាក់ ដែលព្រានព្រៃដាក់ក្នុងរវាងផ្លូវ ឯមេម្រឹគដែលជាមេរបស់កូនម្រឹគនោះ មិនជាប់អន្ទាក់ តែមិនគេចទៅឆ្ងាយ ព្រោះស្រឡាញ់ក្នុងកូន មិនហានចូលទៅជិតអន្ទាក់ ព្រោះខ្លាចស្លាប់ ឯកូន ម្រឹគភិតភ័យបម្រះននេលោទៅមក ហៅរកសេចក្តីករុណា ។