អដ្ឋកថា គាថាព្រះនន្ទត្ថេរ
គាថារបស់ព្រះនន្ទត្ថេរ មានពាក្យផ្តើមថា អយោនិសោ មនសិការា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ កើតក្នុងផ្ទះមានត្រកូល ក្នុងនគរហង្សវតី ក្នុង សាសនារបស់ព្រះមានព្រះភាគព្រះនាមថា បទុមុត្តរៈ ដល់នូវភាពជាអ្នកដឹង ក្តីហើយ ស្តាប់ធម៌ក្នុងសំណាក់នៃព្រះមានព្រះភាគ ឃើញព្រះសាស្តាទ្រង់តាំង ភិក្ខុមួយរូប ក្នុងតំណែងនៃឯតទគ្គៈ ខាងគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ប្រាថ្នានូវតំណែងនោះ ដោយខ្លួនឯង បំពេញមហាទានមានគ្រឿងបូជា និង សក្ការៈដ៏ធំដល់ព្រះមានព្រះភាគនិងភិក្ខុសង្ឃ តាំងបណិធានថា ក្នុងអនាគតកាល ខ្ញុំព្រះអង្គគប្បីជាសាវ័កដែលមានសភាពបែបនេះ របស់ព្រះពុទ្ធដូចទ្រង់ ដូច្នេះហើយ បន្ទាប់អំពីនោះ ក៏អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទរបស់ព្រះមានព្រះភាគព្រះនាម អត្ថទស្សី កុលបុត្តនេះ កើតជា អណ្តើកធំក្នុងស្ទឹងឈ្មោះ វិនតា ។ ថ្ងៃមួយ ឃើញព្រះសាស្តាប្រថាប់ឈរ ត្រង់ឆ្នេរស្ទឹង ប្រាថ្នានឹងឆ្លងទឹក មានបំណងនឹងញ៉ាំងព្រះមានព្រះភាគឲ្យឆ្លង ដោយខ្លួនឯង ទើបក្រាបចុះទៀបព្រះបាទារបស់ព្រះសាស្តា ព្រះសាស្តាទ្រង់ ទតនូវអធ្យាស្រ័យរបស់អណ្តើកហើយ ទ្រង់ឡើងគង់លើខ្នង ។ អណ្តើក ត្រេកអរហើយហែលកាត់ខ្សែទឹកទៅដោយរហ័ស ញ៉ាំងព្រះសាស្តា ឲ្យដល់ ត្រើយយ៉ាងរួសរាន់ ។ ព្រះមានព្រះភាគ ទ្រង់អនុមោទនា ត្រាស់ប្រាប់នូវ សម្បត្តិដែលកើតដល់អណ្តើក ហើយយាងចៀសចេញទៅ ។ ដោយបុញ្ញកម្មនោះ អណ្តើកអន្ទោលទៅ ក្នុងសុគតិភពបុណ្ណោះ ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងគភ៌របស់ព្រះនាងមហាបជាបតិគោតមី ជាឱរស របស់ព្រះបាទសុទ្ធោទនមហារាជ ក្នុងនគរកបិលពស្តុ ក្នុងថ្ងៃថ្វាយព