អដ្ឋកថា ភទ្ទជិត្ថេរគាថា
គាថារបស់ព្រះភទ្ទជិត្ថេរ មានពាក្យផ្តើមថា បនាទោ នាម សោ រាជា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថា បទុមុត្តរៈ កើតក្នុងត្រកូលព្រាហ្មណ៍ ដល់នូវភាពជាអ្នកដឹងក្តីហើយ រៀនចប់ សិប្បវិជ្ជានៃព្រាហ្មណ៍ទាំងឡាយ លះកាមហើយបួសជាតាបស សាងអាស្រមត្រង់ជាយព្រៃ ថ្ងៃមួយឃើញព្រះសាស្តានិមន្តទៅតាមអាកាស មានចិត្ត ជ្រះថ្លា ឈរផ្គងអញ្ជលី ។ ព្រះសាស្តា ទ្រង់ជ្រាបអធ្យាស្រ័យនៃកុលបុត្ត នោះ ទ្រង់ចុះអំពីអាកាស ។ តាបសបង្ហោនយកទឹកឃ្មុំ ក្រអៅឈូក សប្បិ និងខីរៈ ចូលទៅថ្វាយដល់ព្រះមានព្រះភាគ ព្រះសាស្តាទ្រង់អាស្រ័យសេច- ក្តីអនុគ្រោះតាបសទើបទ្រង់ទទួល អនុមោទនាហើយ ចៀសចេញទៅ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងស្ថានតុសិត តាំងនៅក្នុងតុសិតភពនោះ រហូតអស់អាយុ បន្ទាប់អំពីនោះ ក៏អន្ទោលទៅមកនៅតែក្នុង សុគតិភពបុណ្ណោះ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថាវិបស្សីកើត ជាសេដ្ឋីមានទ្រព្យច្រើន បាននិមិន្តភិក្ខុសង្ឃ ៦៨០០០ រូប ឲ្យឆាន់ភត្តាហារ និងឲ្យគ្រងត្រៃចីវរ ។ កុលបុត្តនោះ បំពេញកុសលដ៏ច្រើនយ៉ាងនេះហើយ កើតក្នុងទេវលោក ដរាបដល់អស់អាយុ ចុតិអំពីទេវលោកនោះហើយ កើតក្នុងមនុស្ស កាល កប្បទទេមិនមានព្រះពុទ្ធ ក៏ទំនុកបម្រុងព្រះបច្ចេកពុទ្ធប្រមាណ ៥០០ អង្គ ដោយបច្ច័យ ៤ ចុតិអំពីនោះហើយ កើតក្នុងរាជត្រកូល បន្តរាជសម្បត្តិដោយ លំដាប់ ទំនុកបម្រុងព្រះឱរសរបស់ព្រះអង្គដែលសម្រេចបច្ចេកពោធិញ្ញាណ លុះព្រះបច្ចេកពុទ្ធ បរិនិព្វានហើយ រក្សាព្រះធាតុយកមកកសាងព្រះចេតិយ បូជា ។