អដ្ឋកថា សោភិតត្ថេរគាថា
គាថារបស់ព្រះសោភិតត្ថេរ មានពាក្យផ្តើមថា សតិមា បញ្ញវា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យក្នុងភពនោះៗ ។ ក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមថា បទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ក្នុងនគរហង្សវតី ចម្រើន វ័យហើយស្តាប់ធម្មទេសនារបស់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់តាំងភិក្ខុ មួយរូប ទុកក្នុងតំណែងជាកំពូលលើសភិក្ខុទាំងឡាយខាងបុព្វេនិវាសញ្ញាណ ធ្វើសេចក្តីប្រាថ្នាតំណែងនោះ ហើយធ្វើនូវបុណ្យទាំងឡាយ អន្ទោលទៅក្នុង សុគតិភពបុណ្ណោះ ។ ក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមថាសុមេធ កុលបុត្តនេះកើតក្នុងត្រកូលព្រាហ្មណ៍ ដល់នូវភាពជាអ្នកដឹងក្តីហើយ ដល់នូវ ការសម្រេចក្នុងចំណែកនៃវិជ្ជា និងសិប្បស្រាស្ត របស់ព្រាហ្មណ៍ទាំងឡាយ មានចិត្តបង្អោនទៅក្នុងនេក្ខម្មៈ លះឃរាវាសវិស័យ បួសជាតាបស សាង អាស្រមត្រង់ជាយព្រៃ ក្បែរភ្នំហិមពាន្ត ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយ មើមឈើនិងផ្លែឈើក្នុងព្រៃ បានដំណឹងនៃការកើតឡើងរបស់ព្រះពុទ្ធ ចូលទៅ គាល់ព្រះសាស្តាត្រង់ ភទ្ទវតីនគរ ដោយការស្នាក់នៅ ត្រឹមមួយរាត្រី បុណ្ណោះ ក៏មានចិត្តជ្រះថ្លា សរសើរព្រះសាស្តា ៦ គាថា មានគាថាថា តុវំ សត្ថា ច កេតុ ច ប្រែថា ទ្រង់ជាសាស្តាផងដូចជាទង់ផង ជាដើម ដូច្នេះ ឯព្រះសាស្តាទ្រង់ក៏សរសើរតាបស ។