អដ្ឋកថា វីតសោកត្ថេរគាថា
គាថារបស់ព្រះវីតសោកត្ថេរ មានពាក្យផ្តើមថា កេសេ មេ ឱលិខិស្សន្តិ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យជាច្រើនទុកក្នុងភពនោះៗ ។ ក្នុងសាសនារបស់ព្រះមាន ព្រះភាគព្រះនាមថាសិទ្ធត្ថ កុលបុត្តនេះកើតក្នុងត្រកូលព្រាហ្មណ៍ ដល់នូវ ភាពជាអ្នកសម្រេចក្នុងវិជ្ជា និងសិប្បៈរបស់ព្រាហ្មណ៍ ហើយលះកាមទាំងឡាយ បួសជាឥសីមានពួកឥសីជាច្រើនចោមរោមជាបរិវារនៅក្នុងព្រៃ ស្តាប់ ដំណឹងនៃការកើតឡើងរបស់ព្រះពុទ្ធ ត្រេកអរហើយត្រិះរិះថា ព្រះមានព្រះភាគ ទាំងឡាយ ឃើញបានដោយកម្រ ឧបមាដូចផ្កាល្វា អញគួរចូលគាល់ ក្នុងកាលឥឡូវនេះឯង ដូច្នេះហើយ ធ្វើដំណើរទៅគាល់ព្រះសាស្តា មួយអន្លើ ដោយមហាបរិស័ទ កាលនៅសល់ផ្លូវមួយយោជន៍កន្លះទៀតនឹងដល់ ក៏មាន ជំងឺស្លាប់ ដោយផ្តោតចិត្តក្នុងព្រះពុទ្ធ ក៏បដិសន្ធិក្នុងទេវលោក ។ កុលបុត្ត នោះ អន្ទោលទៅមកក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះកើត ជាប្អូនប្រុសរបស់ព្រះបាទធម្មាសោករាជក្នុងទីបំផុតនៃពុទ្ធសករាជ ២១៨ មាន នាមថាវីតសោក ។ វីតសោករាជកុមារ ចម្រើនវ័យហើយ ដល់នូវការសម្រេចក្នុងវិជ្ជា និង សិប្បៈទាំងឡាយដែលខត្តិយកុមារគប្បីសិក្សា ជាអ្នកជំនាញក្នុងសុត្តន្តបិដក និងអភិធម្មបិដក ទាំងនៅជាគ្រហស្ថដោយអាស្រ័យព្រះគិរិទត្តត្ថេរ ។ ថ្ងៃមួយ ក្នុងវេលាដាក់ព្រះមស្សុ ទទួលកញ្ចប់អំពីដៃរបស់ជាងកោរកាត់ សម្លឹងមើល ព្រះវរកាយ ឃើញអវ័យវៈមានស្បែក ជ្រីវជ្រួញនិងសក់ស្កូវជាដើម មាន ព្រះទ័យសង្វេគ ញ៉ាំងចិត្តឲ្យឈមចុះក្នុងវិបស្សនា ហើយចម្រើនភាវនា បានជា ព្រះសោតាបន្ន លើអ