អដ្ឋកថា គាថាព្រះខិតកត្ថេរ
គាថារបស់ព្រះខិតកត្ថេរ មានពាក្យផ្តើមថា កស្ស សេលូបមំ ចិត្តំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយទុកក្នុងភពនោះៗ ។ ក្នុងសាសនារបស់ ព្រះមានព្រះភាគព្រះនាមថា វិបស្សី ចិញ្ចឹមជីវិតជាឧទ្យានបាល ក្នុងពន្ធុមតី នគរ ។ ថ្ងៃមួយ ឃើញព្រះមានព្រះភាគយាងទៅតាមអាកាស មានចិត្តជ្រះ ថ្លា មានបំណងនឹងថ្វាយផ្លែដូង ។ ព្រះសាស្តាកាលទ្រង់អនុគ្រោះ ឈរប្រថាប់នៅក្នុងអាកាសនោះឯង ទទួលប្រគេនហើយ ។ កុលបុត្តនោះ ថ្វាយផ្លែ ដូងនោះហើយ កើតនូវបីតិសោមនស្សដ៏ឧឡារ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍នាដែនកោសលមានឈ្មោះ ថាខិតកៈ ដល់នូវភាពជាអ្នកដឹងក្តីហើយ ស្តាប់ធម៌ក្នុងសំណាក់នៃព្រះសាស្តា បាននូវសទ្ធាបួសហើយ រៀនកម្មដ្ឋានក្នុងព្រៃ ព្យាយាមសម្រេចអរហត្តហើយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា កាលនោះខ្ញុំជាញោមវត្ត ក្នុងនគរពន្ធុមតី បានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី កំពុងស្តេចទៅព្ធដ៏អាកាស ។ ខ្ញុំបានយក ផ្លែដូងទៅថ្វាយដល់ព្រះពុទ្ធដ៏ប្រសើរ ព្រះពុទ្ធទ្រង់មានយសធំ ឋិតនៅព្ធដ៏អាកាស ទ្រង់ទទួល ( ផ្លែដូងនោះ ) ។ ខ្ញុំមាន ការកើតបីតិជាទីនាំមកនូវសេចក្តីសុខក្នុងបច្ចុប្បន្ន ព្រោះថ្វាយ នូវផ្លែដូងដល់ព្រះពុទ្ធដោយចិត្តជ្រះថ្លា ។ កាលនោះ ខ្ញុំបាននូវ បីតិដ៏ធំទូលាយផង នូវសេចក្តីសុខដ៏ឧត្តមផង រតនៈតែងកើតឡើង ដល់ខ្ញុំដែលកើតក្នុងភពនោះៗ ។