គាថាព្រះមោឃរាជត្ថេរ
ក្បាលទី 41 · ទំព័រ 938
( ព្រះសាស្តាទ្រង់សួរថា ) ម្នាលមោឃរាជ ជាអ្នកមានសម្បុរ អាក្រក់ តែមានចិត្តល្អ អ្នកជាភិក្ខុមានចិត្តតម្កល់មាំរឿយៗអស់រាត្រីទាំងឡាយ ក្នុងកាលត្រជាក់ ប្រកបដោយហេមន្តរដូវ តើអ្នកនឹងធ្វើដោយប្រការៈដូចម្តេច ។ ( មោឃរាជត្ថេរក្រាបទូលថា ) ខ្ញុំព្រះអង្គបានឮដូច្នេះថា ដែនមគធៈទាំងមូល ជាដែនមានសន្ទូងបរិបូណ៌ ពួកភិក្ខុដទៃមានការរស់នៅជាសុខ ( ដោយ កម្រាលនិងគ្រឿងស្លៀកដណ្តប់ដ៏ល្អ ) យ៉ាងណា ខ្ញុំព្រះអង្គ ( ក្រាល ) បិទបាំង ស្លឹកឈើសម្រេចនូវការដេក ( យ៉ាងនោះដែរ ) ។ មោឃរាជត្ថេរ ។ ៥