អដ្ឋកថា វិសាខបញ្ចាលីបុត្តត្ថេរគាថា
គាថារបស់ព្រះវិសាខបញ្ចាលីបុត្តត្ថេរ មានពាក្យផ្តើមថា ន ឧក្ខិបេ នោ ច បរិក្ខិបេ បរេ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមាន អត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុង ភពនោះៗ ក្នុងកប្បទី ១៤ អំពីភទ្ទកប្បនេះ កើតក្នុងត្រកូលទុគ៌តក្នុងបច្ចន្តគាម ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ចូលកាន់ព្រៃមួយអន្លើដោយ អ្នកបច្ចន្តគាមទាំងឡាយ ដើររកផលាផល ឃើញព្រះបច្ចេកពុទ្ធក្នុងព្រៃនោះ មានចិត្តជ្រះថ្លា បានថ្វាយផ្លែវល្លិ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះកើតក្នុងត្រកូលស្តេចគ្រប់គ្រងមណ្ឌល នាដែនមគធៈ មានឈ្មោះថាវិសាខ ក្រោយមក ក៏ប្រាកដនាមថា បញ្ចាលបុត្ត ព្រោះភាពជា ឱរស ( កូនចិញ្ចឹម ) នៃរាជធីតារបស់ព្រះបាទបញ្ចាល ។ កាលព្រះ ជនកសោយទិវង្គតហើយកុលបុត្តនោះក៏សោយរាជសម្បត្តិ កាលព្រះសាស្តា យាងមកកាន់ព្រះរាជវាំងរបស់ទ្រង់ ក៏ទៅកាន់សម្នាក់របស់ព្រះសាស្តា ស្តាប់ ធម៌ហើយ មានសទ្ធាទើបចេញបួស ទៅកាន់នគរសាវត្ថីជាមួយព្រះសាស្តា ផ្តើមចម្រើនវិបស្សនាហើយបានជាអ្នកមានអភិញ្ញា ៦ ក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកពោលក្នុងទុកអបទានថា ក្នុងកាលនោះ ជនទាំងពួងមកប្រជុំគ្នាក្នុងព្រៃ ជនទាំងឡាយ នោះ បាននាំគ្នាស្វែងរកផ្លែឈើ ក៏បាននូវផ្លែឈើ ។