អដ្ឋកថា អនូបមត្ថេរគាថា

ក្បាលទី 41 · ទំព័រ 956

គាថារបស់ព្រះអនូបមត្ថេរ មានពាក្យផ្តើមថា នន្ទមានាគតំ ចិត្តំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុង ភពនោះៗ ។ ក្នុងកប្បទី ៣១ រាប់ថយអំពីភទ្ទកប្បនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយឃើញព្រះបច្ចេកពុទ្ធព្រះនាមថាបទុមៈ ត្រាច់បិណ្ឌបាតតាមផ្លូវ មានចិត្តជ្រះថ្លា បូជាដោយផ្កាអង្កោល ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទាលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលអ្នកមានស្តុកស្តម្ភក្នុងដែនកោសល មានឈ្មោះថាអនូបមៈ ព្រោះជាអ្នកសម្បូរដោយរូបសម្បត្តិ ចម្រើនវ័យហើយ លះកាមទាំងឡាយ បួសហើយ ព្រោះភាពជាអ្នកសម្បូរដោយឧបនិស្ស័យ ប្រកបការចម្រើនវិបស្សនាក្នុងព្រៃ ចិត្តរបស់លោកស្ទុះទៅក្នុងអារម្មណ៍ទាំងឡាយ មានរូបជាដើមខាងក្រៅ កម្មដ្ឋានក៏ប្រែប្រួលទៅ ។ ព្រះថេរៈកាល សង្កត់សង្កិនចិត្តដែលស្ទុះទៅ ទើបពោលដាស់តឿនខ្លួនដោយគាថា ២ ថា ចិត្តមកកាន់សេចក្តីត្រេកត្រអាល ដែលកម្មក្កិលេសលើកឡើង ហើយកាន់ដែកស្រួច គឺភព ដែកស្រួចគឺភពនិងកំណាត់ឈើ គឺកាមគុណមាននៅក្នុងទីណា អ្នកតែងទៅក្នុងទីនោះៗ ។ នែ ចិត្តចង្រៃ អញប្រាប់ឯង នែចិត្តកំណាច អញប្រាប់ឯង ព្រះសាស្តា ដែលគេបានដោយក្រ ( ឥឡូវនេះ ) អ្នកបានហើយ អ្នកកុំដឹកនាំអញទៅក្នុងអំពើឥតប្រយោជន៍ឡើយ ។ បណ្តាបទទាំងនោះ បទថា នន្ទមានាគតំ ចិត្តំ សេចក្តីថា ចិត្តមកកាន់ ការត្រេកអរ បានដល់ ចិត្តដែលត្រេកអរក្នុងភពនោះៗ នៃតណ្ហាដែលជាតួ ហេតុនៃការត្រេកអរក្នុងភព