អដ្ឋកថា គាថាព្រះវជ្ជិតត្ថេរ
គាថារបស់ព្រះវជ្ជិតត្ថេរ មានពាក្យផ្តើមថា សំសរំ ទីឃមទ្ធានំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុង ភពនោះៗ ។ ក្នុងកប្បទី ៦៥ រាប់ថយអំពីភទ្ទកប្បនេះ កើតក្នុងបច្ចន្តគាម មួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ ធ្វើជាព្រានព្រៃ ថ្ងៃមួយ ត្រាច់ ទៅឃើញព្រះបច្ចេកពុទ្ធនាមថា ឧបសន្តៈ ជាអ្នកនៅក្នុងគុហានៃភ្នំ កុលបុត្ត នោះឃើញការស្ងប់រម្ងាប់របស់ព្រះបច្ចេកពុទ្ធហើយ មានចិត្តជ្រះថ្លា បានធ្វើ ការបូជាដោយផ្កាចម្បា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលស្តុកស្តម្ភ ក្នុងដែនកោសល ចាប់ តាំងពីថ្ងៃដែលកុលបុត្តនោះកើត គ្រាន់តែដល់ដៃមាតុគ្រាម ក៏ស្រែកយំ បាន ឮថា កុលបុត្តនេះ ចុតិអំពីព្រហ្មលោក មកកើតក្នុងមនុស្សលោកនេះ ព្រោះ កុលបុត្តនោះអត់ធន់នឹងការប៉ះពាល់របស់មាតុគ្រាមមិនបាន ដូច្នោះ ទើបបាន ឈ្មោះថាវជ្ជិតៈ ព្រោះវៀរចាកការពាល់ត្រូវរបស់មាតុគ្រាម ។ កុលបុត្តនោះ ចម្រើនវ័យហើយ ឃើញយមកប្បាដិហារ្យ របស់ព្រះសាស្តា បាននូវសទ្ធា បួសហើយផ្តើមចម្រើនវិបស្សនាបានអភិញ្ញា ៦ ក្នុងថ្ងៃនោះឯង សមដូចគាថា ព័ន្ធដែលលោកពោលទុកក្នុងអបទានថា ព្រះសម្ពុទ្ធមានព្រះហប្ញទ័យស្ងប់រម្ងាប់ គង់នៅនាចន្លោះភ្នំ ខ្ញុំបាន យកផ្កាចម្បាមួយ ដើរចូលទៅគាល់ព្រះសម្ពុទ្ធដ៏ឧត្តម ។