អដ្ឋកថា សន្ធិតត្ថេរគាថា
គាថារបស់ព្រះសន្ធិតត្ថេរ មានពាក្យផ្តើមថា អស្សត្ថេ ហរិតោភាសេ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុង ភពនោះៗ ។ ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមថាសិខី កើតជានាយ គោបាលម្នាក់ កាលព្រះសាស្តាបរិនិព្វានហើយ ចូលទៅរកព្រះថេរៈមួយរូប ស្តាប់ធម៌ដែលបដិសំយុត្តដោយពុទ្ធគុណ ក្នុងសំណាក់នៃព្រះថេរៈ មានចិត្តជ្រះថ្លា សួរថា ព្រះមានព្រះភាគគង់នៅក្នុងទីណា ដឹងថាព្រះមានព្រះភាគបរិនិព្វាន ហើយ បាននូវអនិច្ចសញ្ញាថា ឱ សូម្បីព្រះពុទ្ធទាំងឡាយ មានអានុភាព ដល់ម្លេះក៏ត្រូវយាងទៅកាន់អំណាចនៃភាពជារបស់មិនទៀង ឱ សង្ខារទាំងឡាយ មិនស្ថិតស្ថេរហ្ន៎ ។ ព្រះថេរៈឲ្យកុលបុត្តនោះកើតឧស្សាហៈ ក្នុងការបូជា ពោធិព្រឹក្ស ចូលទៅជិតពោធិព្រឹក្ស តាមកាលដែលសមគួរ ចម្រើនវិបស្សនា រពឫកដល់ពុទ្ធគុណ ថ្វាយបង្គំដើមពោធិព្រឹក្ស ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលដែលស្តុកស្តម្ភក្នុងដែនកោសលមាន ឈ្មោះថាសន្ធិតៈ ។ ចម្រើនវ័យហើយ ស្តាប់ធម្មកថាដែលបដិសំយុត្តដោយ អនិច្ចំ កើតសេចក្តីសង្វេគ បួសហើយផ្តើមចម្រើនវិបស្សនា បានជាអ្នកមាន អភិញ្ញា ៦ ក្នុងកាលមិនយូរឡើយ ព្រោះញាណដល់នូវភាពចាស់ក្លា ។