អដ្ឋកថា គាថាព្រះអង្គណិកភារទ្វារជត្ថេរ

ក្បាលទី 42 · ទំព័រ 3

គប្បីជ្រាបវិនិច្ឆ័យក្នុងតិកនិបាតដូចតទៅនេះ គាថារបស់ ព្រះអង្គណិកភារទ្វាជត្ថេរ មានពាក្យផ្តើមថា អយោនិសុទ្ធិមន្វេសំ ដូច្នេះ ជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកមកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃវិវដ្តក្នុងភពនោះៗ ។ ក្នុងកប្បទី ៣១ រាប់ថយអំពីភទ្ទកប្បនេះ ក្នុងសាសនាព្រះមានព្រះភាគព្រះនាម សិខី កុលបុត្តនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តី ហើយ ។ ថ្ងៃមួយ ឃើញព្រះសាស្តាយាងបិណ្ឌបាត មានចិត្តជ្រះថ្លា ថ្វាយបង្គំ ដោយបញ្ចង្គប្រតិស្ឋាន ហើយផ្គងអញ្ជលី ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅមកក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងផ្ទះរបស់ព្រាហ្មណ៍ ជាអ្នកសម្បូរ ដោយសម្បត្តិ ក្នុងឧក្កដ្ឋនគរ ជិតព្រៃហេមពាន្ត មានឈ្មោះថាអង្គណិកភារទ្វាជៈ ចម្រើនវ័យហើយ សិក្សាសម្រេចក្នុងវិជ្ជា និងសិប្បៈទាំងឡាយ ហើយ ព្រោះមានអធ្យាស្រ័យក្នុងនេក្ខម្មៈ ទើបបួសជាបរិព្វាជក បំពេញតបៈ ដើម្បីអមតៈ ។ ត្រាច់ទៅមកក្នុងទីនោះៗ បានឃើញព្រះសម្មាសម្ពុទ្ធ កំពុង ចារិកទៅកាន់ជនបទ មានចិត្តជ្រះថ្លា ស្តាប់ព្រះធម្មទេសនាក្នុងសម្នាក់ព្រះសាស្តា លះនូវការប្រកាន់ខុស បួសក្នុងសាសនា ចម្រើនវិបស្សនា ក្នុងកាល មិនយូរ ក៏បានជាព្រះខីណាស្រព ជាអ្នកមានអភិញ្ញា ៦ សមដូចគាថាព័ន្ធ ដែលលោកពោលក្នុងអបទានថា ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយបង្គំព្រះពុទ្ធដ៏ប្រសើរ ព្រះនាមវេស្សភូ ជាឧសភៈដ៏ប្រសើរ ទ្រង់មានព្យាយាម ទ្រង់ ឈ្នះមារ ។