អដ្ឋកថា ព្រះបច្ចយត្ថេរ
ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាម វិបស្សី កុលបុត្តនេះកើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ។ ថ្ងៃមួយ បានឃើញព្រះសាស្តាកំពុងយាងទៅកាន់ស្ទឹងឈ្មោះវិនតា មានចិត្ត ជ្រះថ្លា បានបេះផ្លែល្វាធំៗ មានរសឆ្ងាញ់ពិសា បង្អោនចូលទៅថ្វាយ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅមកក្នុងសុគតិបុណ្ណោះ ក្នុងភទ្ទកប្បនេះ ព្រះសម្មាសម្ពុទ្ធព្រះនាមកស្សបៈ កើតឡើងក្នុងលោក ទ្រង់ ប្រកាសធម្មចក្រ ទ្រង់អនុគ្រោះវេនេយ្យជន កុលបុត្តនោះបួសនៅក្នុងសាសនា របស់ព្រះអង្គ បំពេញវិបស្សនា ប្រកបភាវនារឿយៗ ។ ថ្ងៃមួយ គិតដល់ ទុក្ខក្នុងសង្សារ កើតសេចក្តីសង្វេគក្រៃលែង អង្គុយក្នុងវិហារ អធិដ្ឋានថា បើអញមិនសម្រេចអរហត្ត នឹងមិនចេញអំពីទីនេះ កាលព្យាយាម ក៏មិន អាចឲ្យវិបស្សនាជាន់ខ្ពស់កើតឡើងបាន ព្រោះញាណមិនទាន់ចាស់ក្លា ធ្វើនូវ មរណកាលហើយ អន្ទោលទៅមកក្នុងទេវតា និងមនុស្សទាំងឡាយ ។ ក្នុង ពុទ្ធុប្បាទនេះ កើតក្នុងខត្តិយត្រកូល នានគររោហិណី បានទទួលនាមថា បច្ចយៈ ទ្រង់ចម្រើនវ័យហើយ អស់រជ្ជកាលរបស់ព្រះជនក ក៏បានឡើង សោយរាជសម្បត្តិ ។ ថ្ងៃមួយ ទ្រង់ប្រារព្ធរាជពលីយ៉ាងធំ មហាជនបានមក ប្រជុំគ្នាក្នុងទីនោះ ។ ដើម្បីឲ្យកើតសេចកីជ្រះថ្លាដល់មហាជន ក្នុងសមាគម នោះ ព្រះសាស្តាទ្រង់គង់លើរតនសីហាសនៈ ក្នុងរតនកូដាគារ ដែលព្រះបាទ វេស្សវ័ណនិម្មិតថ្វាយលើអាកាស ទ្រង់បានសម្តែងធម៌ដល់មហាជនដែល កំពុងមើលនោះឯង ។