អដ្ឋកថា គាថាព្រះមាតង្គបុត្តត្ថេរ

ក្បាលទី 42 · ទំព័រ 29

គាថារបស់ព្រះមាតង្គបុត្តត្ថេរ មានពាក្យផ្តើមថា អតិសីតំ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាម បទុមុត្តរៈ កើតជាស្តេចនាគ មានអានុភាពច្រើន ក្នុងនាគពិភព ខាងក្រោម ជាតស្រះមួយ ជិតព្រៃហិមពាន្ត ថ្ងៃមួយ ចេញអំពីនាគពិភព ត្រាច់ ទៅ ឃើញព្រះសាស្តាយាងមកតាមអាកាស មានចិត្តជ្រះថ្លា បានធ្វើការបូជា ដោយកែវមណីដែលពាក់ត្រង់សិររបស់ខ្លួន ។ ដោយបុញ្ញកម្មនោះ កុលបុត្ត នោះ អន្ទោលទៅមកក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាកូនមាតង្គកុដុម្ពិកៈ ក្នុងកោសលរដ្ឋ មានឈ្មោះប្រាកដថា មាតង្គបុត្ត នោះឯង ។ កុលបុត្តនោះដឹងក្តីហើយ ជាអ្នកខ្ជិលច្រអូស មិនធ្វើការងារអ្វី ឡើយ ត្រូវញាតិ និងអ្នកដទៃតិះដៀល គិតថា សមណសក្យបុត្តទាំងនេះ រស់នៅដោយស្រួល បំណងនឹងរស់នៅដោយស្រួល ជាបុគ្គលដែលភិក្ខុទាំងឡាយ ធ្វើការអប់រំហើយ បានចូលទៅគាល់ព្រះសាស្តា ស្តាប់ព្រះធម្មទេសនា មានសទ្ធា ហើយបួស ឃើញភិក្ខុដទៃមានឫទ្ធិ ចង់បានឫទ្ធិ ទើបរៀនកម្មដ្ឋាន ក្នុងសម្នាក់របស់ព្រះសាស្តា ព្យាយាមប្រកបភាវនាហើយនូវអភិញ្ញា ៦ ។ សមដូចគាថាព័ន្ធដែលលោកពោលក្នុងអបទានថា ព្រះជិនស្រីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ ទាំងពួង ទ្រង់ប្រាថ្នានូវវិវេក កំពុងតែស្តេចទៅតាមអាកាស ។ មានជាតស្រះដ៏ធំមួយ នៅជិតព្រៃហិមពាន្ត ឯលំនៅរបស់ខ្ញុំដែល ប្រកបដោយបុញ្ញកម្ម នៅជិតស្រះនោះ ។ ខ្ញុំចេញអំពីលំនៅ បានឃើញព្រះលោកនាយក ទ្រង់ភ្លឺដូចផ្ការាជព្រឹក្ស រុងរឿងដូចជា ភ្លើង ខ្ញុំមិនឃើញផ្កាដែលគួរបេះថ្វាយ ទើបគិតថា អញនឹង បូជាអ្វីដល់ព្រះលោកនាយក