គាថាព្រះបស្សិកត្ថេរ
ក្បាលទី 42 · ទំព័រ 49
បុគ្គលអ្នកមានសទ្ធា មានប្រាជ្ញា ឋិតនៅក្នុងធម៌ បរិបូណ៌ ដោយសីល សូម្បីតែម្នាក់ឯង ក៏រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ពួកញាតិ និងផៅពង្ស ដែលជាអ្នកមិនមានសទ្ធា ។ ញាតិទាំងឡាយដែលខ្ញុំ ផ្ទញ់ផ្ទាល់រំពឫក ដាស់តឿនដោយសេចក្តីអនុគ្រោះ ក៏បានធ្វើសក្ការៈចំពោះពួកភិក្ខុ ដោយសេចក្តីស្រឡាញ់ថាជាញាតិ ជាផៅពង្ស ។ ពួកញាតិទាំងនោះ លុះធ្វើមរណកាល កន្លងលោកនេះទៅហើយ ក៏បានដល់នូវសេចក្តីសុខក្នុង ទេវលោក ទាំងបងប្អូន និងមាតារបស់ខ្ញុំ ក៏ជាអ្នកបរិបូណ៌ដោយកាមគុណ រមែងត្រេកអរដែរ ។ បស្សិកត្ថេរ