អដ្ឋកថា គាថាព្រះបស្សិកត្ថេរ

ក្បាលទី 42 · ទំព័រ 50

គាថារបស់ព្រះបស្សិកត្ថេរ មានពាក្យផ្តើមថា ឯកោបិ សទ្ធោ មេធាវី ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើមកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ ធ្វើបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុង ភពនោះៗ ។ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមអត្ថទស្សី កើតក្នុងផ្ទះ មានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ។ ថ្ងៃមួយ បានឃើញព្រះសាស្តា មានចិត្តជ្រះថ្លា បានថ្វាយផ្លែដីប្លី ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅមកក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងដែនកោសល មានឈ្មោះថា បស្សិកៈ ចម្រើនវ័យហើយ បានឃើញយមកប្បាដិហារ្យ របស់ព្រះសាស្តា បាននូវសទ្ធា បួសហើយ បំពេញសមណធម៌ បានជាអ្នក មានអាពាធ ។ កាលនោះ ញាតិទាំងឡាយនាំគ្នាឧបដ្ឋាកលោក ឲ្យជាសះ ស្បើយរោគ ដោយប្រើថ្នាំដែលគ្រូពេទ្យយល់សប្តិឃើញ ( ថ្នាំខ្មោចឲ្យ ) ព្រះថេរៈជាអាពាធហើយ មានសេចក្តីសង្វេគ បំពេញភាវនា រហូតបាន សម្រេចអភិញ្ញា ៦ ។ សមដូចគាថាព័ន្ធដែលលោកពោលក្នុងអបទានថា ខ្ញុំបានឃើញព្រះពុទ្ធ ព្រះអង្គយល់ឃើញនូវប្រយោជន៍ មានយស ធំ ត្រង់ចន្លោះព្រៃ ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្លែមិលក្ខុព្រឹក្ស ( ដីប្លី ) ។ ក្នុងកប្បទី ១៨០០ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផល នៃផលទាន ។ ឱ ដំណើរដែលខ្ញុំ មកក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបាន ដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ ។