អដ្ឋកថា ព្រះឧបាលិ

ក្បាលទី 42 · ទំព័រ 68

គាថារបស់ព្រះឧបាលិត្ថេរ មានពាក្យផ្តើមថា សទ្ធាយ អភិនិក្ខម្ម ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ក្នុងនគរហង្សវតី ។ ថ្ងៃមួយ ស្តាប់ព្រះធម្មទេសនា របស់ព្រះសាស្តា បានឃើញព្រះសាស្តាទ្រង់តែងតាំងភិក្ខុមួយរូប ក្នុងតំណែង ឯតទគ្គៈ គឺជាកំពូលជាងភិក្ខុទាំងឡាយ ខាងទ្រទ្រង់នូវព្រះវិន័យ ធ្វើកម្ម គឺ បុញ្ញាធិការហើយ បានប្រាថ្នាឋានន្តរនោះ ។ កុលបុត្តនោះ បំពេញកុសល ដរាបដល់អស់ជីវិតហើយ អន្ទោលទៅមកក្នុងទេវតា និងមនុស្សទាំងឡាយ លុះដល់ពុទ្ធុប្បាទនេះ បដិសន្ធិក្នុងផ្ទះជាងកោរកាត់ មាតាបិតាបានដាក់ឈ្មោះ កុលបុត្តនោះថា ឧបាលិ ។ កុលបុត្តនោះ ចម្រើនវ័យហើយ ជាទីប្រោសប្រាណ របស់ស្តេច ៦ អង្គ មានអនុរុទ្ធរាជកុមារជាដើម ។ កាលព្រះតថាគត គង់ត្រង់អនុបិយអម្ពវ័ន បានចេញបួស មួយអន្លើដោយក្សត្រ ៦ អង្គ ដែល ចេញទៅដើម្បីបព្វជ្ជា ។ ការបួសរបស់កុលបុត្តនោះមានហើយក្នុងព្រះបាលី ។ ព្រះថេរៈ កាលបព្វជ្ជាឧបសម្បទាហើយ បានទទួលយកកម្មដ្ឋាន ក្នុង សម្នាក់របស់ព្រះសាស្តា ហើយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូម ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គនៅព្រៃចុះ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ បើអ្នក នៅព្រៃ ធុរៈមួយបុណ្ណោះនឹងចម្រើន តែបើបដិបត្តិក្នុងសម្នាក់របស់តថាគត គន្ថធុរៈផង វិបស្សនាធុរៈផង នឹងបរិបូណ៌ ។