អដ្ឋកថា គាថាព្រះហារិតត្ថេរ

ក្បាលទី 42 · ទំព័រ 112

គាថារបស់ព្រះហារិតត្ថេរ មានពាក្យផ្តើមថា យោ បុព្វេ ករណីយានិ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតហើយក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ លុះព្រះសាស្តា បរិនិព្វានហើយ មហាជននាំគ្នាបូជាជើងថ្កររបស់ទ្រង់ កុលបុត្តនេះ បានធ្វើ ការបូជាដោយគ្រឿងក្រអូប ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅមកក្នុងទេវតានិ ង មនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ក្នុងក្រុងសាវត្ថី មានឈ្មោះថា ហារិតៈ ចម្រើនវ័យហើយ អាស្រ័យការប្រកាន់ខ្លួនព្រោះជាតិ ទើបហៅអ្នកដទៃដោយវាទៈថា អ្នកថោកទាប កុលបុត្តនោះ ទៅកាន់សម្នាក់ របស់ភិក្ខុទាំងឡាយ ស្តាប់ធម៌ហើយ ទើបចេញបួស មិនលះបង់ការហៅ អ្នកដទៃថា អ្នកថោកទាប ព្រោះប្រព្រឹត្តមកយូរហើយ ។ ថ្ងៃមួយ លោក បានស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តា កើតសេចក្តីសង្វេគ ផ្តើមវិបស្សនាកម្មដ្ឋាន ពិចារណាមើលការប្រព្រឹត្តទៅនៃចិត្តរបស់ខ្លួន បានឃើញចិត្តត្រូវ មានះ និងឧទ្ធច្ចៈក្តោបក្តាប់ហើយ ទើបលះមានះ និងឧទ្ធច្ចៈ ញ៉ាំងវិបស្សនា ឲ្យក្រៃលែងឡើង បានសម្រេចអរហត្តផល សមដូចគាថាព័ន្ធដែលលោក ពោលនៅក្នុងអបទានថា កាលពួកជនកំពុងធ្វើជើងថ្ករ កំពុងនាំមកនូវគ្រឿងក្រអូបផ្សេងៗ ខ្ញុំក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជានូវគ្រឿងក្រអូប មួយក្តាប់ ។