អដ្ឋកថា គាថាព្រះនាគសមាលត្ថេរ
គាថារបស់ព្រះនាគសមាលត្ថេរ មានពាក្យផ្តើមថា អលង្កតា ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ កុលបុត្ត នេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ក្នុងគិម្ហសម័យ បានឃើញព្រះសាស្តាយាងលើផែនដីដ៏ក្តៅ ដោយពន្លឺព្រះអាទិត្យ មានចិត្ត ជ្រះថ្លា ទើបថ្វាយឆត្រដល់ព្រះសាស្តា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងសក្យរាជត្រកូល បានឈ្មោះថា នាគសមាលៈ ចម្រើនវ័យហើយ បាននូវសទ្ធាក្នុងសមាគមនៃពួកញាតិ បួស ហើយ បានជាអ្នកឧបដ្ឋាកព្រះមានព្រះភាគ អស់កាលបន្តិចបន្តួច ។ ថ្ងៃ មួយ ចូលទៅបិណ្ឌបាតក្នុងព្រះនគរ ឃើញអ្នករបាំម្នាក់ ប្រដាប់តាក់តែង ហើយរាំ ក្នុងកាលអ្នកតន្រ្តីប្រគំត្រង់ផ្លូវធំ ផ្តើមតាំងនូវការអស់ទៅសូន្យទៅ ថា វាយោធាតុដែលធ្វើឲ្យវិចិត្រនេះ រមែងធ្វើឲ្យករជកាយប្តូរផ្លាស់ទីកន្លែង ទៅ ដោយអំណាចការកម្រើកកាយ សង្ខារទាំងឡាយមិនទៀងហ្ន៎ ដូច្នេះហើយ បានធ្វើការខ្វល់ខ្វាយក្នុងវិបស្សនា សម្រេចអរហត្ត សមដូចគាថាព័ន្ធដែល លោកពោលក្នុងអបទានថា ផែនដីកំពុងក្តៅដូចរងើកភ្លើង ផែនដីកំពុងប្រព្រឹត្តទៅ ដូចជាផេះ ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ ទ្រង់ចង្រ្កមក្នុងទីវាល ។ ខ្ញុំ បានបាំងឆត្រស ដើរទៅកាន់ផ្លូវឆ្ងាយ ខ្ញុំឃើញព្រះសម្ពុទ្ធហើយក៏ កើតគំនិតក្នុងទីនោះថា ផែនដីផ្សាយចេញនូវថ្ងៃបណ្តើរកូន ផែនដីនេះក្តៅដូចជារងើកភ្លើង ខ្យល់ធំខ្លាំងតាំងឡើង បំបេងនូវ ធូលីទៅកាន់សរីរកាយ ។