អដ្ឋកថា គាថាព្រះនន្ទកត្ថេរ
គាថារបស់ព្រះនន្ទកត្ថេរ មានពាក្យផ្តើមថា ធិរត្ថុ ដូច្នេះ ជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនាព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ ព្រះថេរៈនេះ ជាសេដ្ឋី មានសម្បត្តិច្រើន ក្នុងហង្សវតីនគរ កំពុងស្តាប់ធម៌ ក្នុងសម្នាក់ ព្រះសាស្តា ឃើញព្រះសាស្តាស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងឯតទគ្គៈ នៃ ភិក្ខុខាងឲ្យឱវាទដល់ភិក្ខុទាំងឡាយ ក៏ប្រាថ្នាតំណែងនោះ បូជាព្រះមាន ព្រះភាគដោយសំពត់ មានតម្លៃមួយសែន ហើយបានតាំងសេចក្តីប្រាថ្នា និង ឲ្យការបូជាដោយប្រទីប ក្នុងពោធិព្រឹក្សដល់ព្រះសាស្តា ។ តាំងអំពីនោះមក កុលបុត្តនោះអន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងសាសនាព្រះមាន ព្រះភាគ ទ្រង់ព្រះនាមកកុសន្ធៈ កើតជាបក្សីករវិក បន្លឺសំឡេងដ៏ពីរោះ ធ្វើប្រទក្សិណព្រះសាស្តា ក្នុងកាលជាខាងក្រោយ កើតជាសត្វក្ងោក មាន ចិត្តជ្រះថ្លា បន្លឺសំឡេងដ៏ពីរោះ ៣ ដង ត្រង់គុហា ដែលជាលំនៅរបស់ព្រះ បច្ចេកពុទ្ធមួយអង្គ ធ្វើបុណ្យក្នុងទីនោះៗ ដោយអាការយ៉ាងនេះ ក្នុងសាសនា នៃព្រះមានព្រះភាគរបស់យើងទាំងឡាយ កើតក្នុងផ្ទះមានត្រកូល ក្នុងក្រុង សាវត្ថី មានឈ្មោះថា នន្ទកៈ ចម្រើនវ័យហើយ ស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តា មានសទ្ធា បួសហើយ ចម្រើនវិបស្សនា សម្រេចអរហត្ត សមដូច គាថាព័ន្ធដែលលោកពោលក្នុងអបទានថា ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានអុជគប់ភ្លើង ៣ ( តម្កល់ ទុក ) ត្រង់ដើមពោធិព្រឹក្សដ៏ឧត្តម របស់ព្រះពុទ្ធព្រះនាម បទុមុត្តរៈ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំអុជគប់ភ្លើង ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃការឲ្យនូវគប់ភ្លើង ។