អដ្ឋកថា គាថាព្រះសេនកត្ថេរ

ក្បាលទី 42 · ទំព័រ 156

គាថារបស់ព្រះសេនកត្ថេរ មានពាក្យផ្តើមថា ស្វាគតំ វត ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្រនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើមកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមសិខី កើតក្នុងផ្ទះមានត្រកូល ដល់នូវ ភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ឃើញព្រះសាស្តា មានចិត្តជ្រះថ្លា បូជាព្រះមាន ព្រះភាគដោយសំណុំកន្ទុយក្ងោក ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ គឺក្នុងផ្ទៃប្អូនស្រីនៃ ព្រះឧរុវេលកស្សបត្ថេរ មានឈ្មោះថា សេនកៈ ។ កុលបុត្តនោះចម្រើនវ័យ ហើយ ដល់នូវការសម្រេចក្នុងសិប្បវិជ្ជារបស់ពួកព្រាហ្មណ៍ នៅគ្រប់គ្រង ឃរាវាស ។ សម័យនោះ មហាជននាំគ្នាលេងមហោស្រព ក្នុងឧត្តរផគ្គុណនក្ខត្តឫក្ស ក្នុងខែផល្គុនរាល់ៗ ឆ្នាំ ធ្វើពិធីមុជទឹកត្រង់កំពង់ ក្បែរស្ទឹងគយា ដោយ ហេតុនោះ ជនទាំងឡាយហៅមហោស្រពនោះថា គយាផគ្គុណី ដូច្នេះ ។ លំដាប់នោះ ព្រះមានព្រះភាគ គង់នៅត្រង់កំពង់គយា ដើម្បីអនុគ្រោះវេនេយ្យសត្វក្នុងថ្ងៃមហោស្រពនោះ ឯមហាជនចេញអំពីទីផ្សេងៗ ទៅកាន់ ទីនោះ ដោយបំណងងូតត្រង់កំពង់ ។ ក្នុងសម័យនោះ សេនកៈទៅកាន់ ទីនោះ ដើម្បីងូតទឹក ឃើញព្រះសាស្តាកំពុងសម្តែងធម៌ ស្តាប់ធម៌ហើយ បាននូវសទ្ធា ហើយបួស ប្រកបវិបស្សនា មិនយូរបុន្មាន ក៏សម្រេច អរហត្ត សមដូចគាថាព័ន្ធដែលលោកពោលក្នុងអបទានថា ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកផ្លិតស្លាបក្ងោក ចូលទៅ ថ្វាយព្រះលោកនាយក ។