អដ្ឋកថា ព្រះរាហុល

ក្បាលទី 42 · ទំព័រ 170

គាថារបស់ព្រះរាហុលត្ថេរ មានពាក្យផ្តើមថា ឧភយេនេវ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើមកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ។ ក្នុងសាសនារបស់ព្រះពុទ្ធព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ដល់នូវ ភាពជាអ្នកដឹងក្តីហើយ ឃើញព្រះសាស្តាស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងជា ឯតទគ្គៈ នៃភិក្ខុដែលប្រាថ្នាចំពោះការសិក្សា ខ្លួនឯងក៏ប្រាថ្នាតំណែងនោះ បំពេញបុណ្យជាច្រើន មានបោសសេនាសនៈឲ្យស្អាត និងអុជប្រទីបឲ្យភ្លឺ ជាដើម ហើយបានតាំងនូវសេចក្តីប្រាថ្នា ។ កាលចុតិចាកអត្តភាពនោះហើយ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ អាស្រ័យព្រះពោធិសត្វនៃយើង កើតក្នុង ផ្ទៃរបស់ព្រះនាងយសោធរាទេវី មាននាមថា រាហុល ចម្រើនដោយខត្តិយបរិវារ ។ វិធីបព្វជ្ជារបស់ព្រះថេរៈ មកហើយក្នុងខន្ធកៈនោះឯង ។ កាល ព្រះថេរៈបួសហើយ បានទទួលព្រះឱវាទដោយសុត្តបទដ៏ច្រើន ក្នុងសម្នាក់ព្រះសាស្តា មានញាណចាស់ក្លា បំពេញវិបស្សនា សម្រេចអរហត្ត សមដូច គាថាព័ន្ធដែលលោកពោលក្នុងអបទានថា ខ្ញុំបានក្រាលកញ្ចក់ ក្នុងប្រាសាទ ៧ ជាន់ ថ្វាយព្រះមាន ព្រះភាគព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ទ្រង់ប្រកប តាទិគុណ ។ ព្រះមហាមុនិ ជាធំជាងសត្វជើងពីរ ព្រះអង្គ ប្រសើរជាងនរៈ មានពួកព្រះខីណាស្រព មួយពាន់ អង្គចោមរោម ស្តេចចូលទៅកាន់គន្ធកុដិ ។ ព្រះសាស្តា ជាទេវតាប្រសើរជាងទេវតា ព្រះអង្គប្រសើរជាងនរៈ ទ្រង់ ញ៉ាំងគន្ធកុដិឲ្យរុងរឿង ឋិតនៅក្នុងកណ្តាលភិក្ខុសង្ឃ ហើយ សម្តែងនូវគាថាទាំងឡាយនេះថា ទីសេយ្