ព្រះសប្បកត្ថេរ

ក្បាលទី 42 · ទំព័រ 190

គាថារបស់ព្រះសប្បកត្ថេរ មានពាក្យផ្តើមថា យទា ពលាកា ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងកប្បទី ៣១ រាប់ថយអំពីភទ្ទកប្បនេះ កើតជានាគមានអនុភាព ច្រើន កាលព្រះបច្ចេកពុទ្ធព្រះនាមសម្ភវៈ គង់ចូលសមាបត្តិក្នុងទីវាល កុលបុត្តនេះ កាន់យកផ្កាឈូកធំបាំងលើសីសៈថ្វាយ ធ្វើនូវការបូជា ។